(បាងកក)៖ ក្រុម Down Town Sport របស់កម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Futsal Club Championship 2019 នៅប្រទេសថៃហើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ក្រោយឆ្លងកាត់ការប្រកួត ៤ប្រកួតឈ្នះ១ និងចាញ់ ៤ប្រកួតផ្ទួនៗ។

គួរដឹងថា កាលពីប្រកួតដំបូង ក្នុងពូលB ក្រុម Down Town បានយកឈ្នះក្រុម Melaka United របស់ម៉ាឡេស៊ី ៥-៤ កាលពីថ្ងៃទី១៨ ខែមិថុនា ។ ប៉ុន្ដែបានចាញ់ក្រុម MIU FC របស់មីយ៉ាន់ម៉ា ៩-៣ ក្នុងជំនួបដណ្ដើមលេខ១ ក្នុងពូលនៅថ្ងៃបន្ទាប់។ លុះចូលដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជើងឯកលីគហ្វូតសាលកម្ពុជា ឆ្នាំ២០១៨ បានចាញ់ក្រុមខ្លាំងថៃ PTT Chonburi Bluewave ១៧-០ កាលពីម្សិលមិញ។

ការបរាជ័យក្រោមថ្វីជើងក្រុមលំដាប់ប្រទេសថៃនេះ ធ្វើឲ្យក្រុម Down Town សល់ឱកាសប្រជែងលេខ៣ ជាមួយក្រុម MIU FC ជាថ្មី បន្ទាប់ពីក្រុមមីយ៉ាន់ម៉ានេះ បានប្រកួតចាញ់ក្រុម Sanatech Khanh Hoa របស់វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ ប៉ុន្ដែសំណាងមិនល្អ Down Town មិនអាចសងសឹកក្រុម MIU FC បានឡើយ ក្រោយចាញ់ ៩-៥ ធ្វើឲ្យក្រុមតំណាងកម្ពុជាបានត្រឹមលេខ៤ ខណៈក្រុមមីយ៉ាន់ម៉ាបានលេខ ៣។

ដោយឡែកជើងឯក គឺបានទៅក្រុម PTT Chonburi Bluewave ក្រោយយកឈ្នះក្រុម Sanatech Khanh Hoa ដោយលទ្ធផល ៩-១ ។ ដូច្នេះមានន័យថា PTT Chonburi Bluewave គឺជាក្រុមថៃទី៣ ដែលបានលើកពានប្រចាំតំបន់នេះ បន្ទាប់ពីក្រុម Bangkok BTS ដែលលើកពានកាលពីឆ្នាំ២០១៨ និងក្រុម Thaiport FC លើកពានចំនួន ៣លើក កាលពីឆ្នាំ២០១៥, ២០១៦ និងឆ្នាំ២០១៧៕