(ភ្នំពេញ)៖ លីគកំពូលកម្ពុជា ឆ្នាំ២០១៩ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១២ ហើយ ពោលគឺសល់តែ ១សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ជើងទី១ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ៣២ពិន្ទុ ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ២-០ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមវិសាខា បានវាយបកយកឈ្នះក្រុមការពារតំណែងជើងឯក ណាហ្គាវើល ៣-២ គួរឲ្យភ្ញាក់ផ្អើល គ្រាដែលក្រុមបឹងកេត និអង្គរថាយហ្គឺរ សុទ្ធតែចាញ់ដូចគ្នា ។

ការប្រកួតដ៏ជក់ចិត្ត នៅកីឡដ្ឋានស្តាតចាស់ល្ងាចមិញ ណាហ្គាវើល បានទាត់បំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់មុន តាមរយៈការតែងចូលទីខ្លួនឯង ពីកីឡាករ ទៀង ទីនី ១គ្រាប់ និងកីឡាករ Omogba រកបាននៅនាទី៥៥ ។ ប៉ុន្ដែចុងក្រោយណាហ្គាវើល បានត្រឹមសោកស្ដាយ បន្ទាប់ពីវិសាខា វាយបកបាន ៣គ្រាប់វិញ ក្នុងរយៈពេល ២០នាទីចុងក្រោយ ដោយកីឡាករ កែវ សុខផេង, Pak Song Chol និង សារីម៉ាត់ណូរូទី ធ្វើឲ្យពួកគេទទួលបាន ៣ពិន្ទុទៅផ្ទះវិញ ។

ចំណែកក្រុមបឹងកេត បានជួបរឿងខកចិត្តលើទឹកដីអង្គរ បន្ទាប់ពីត្រូវក្រុមសូលទីអង្គរ វាយបកយកឈ្នះ ៥-៤ ។ សូលទីឡូអង្គរ បានធ្វើឲ្យអ្នកគាំទ្របឹងកេតខកចិត្តជាខ្លាំង ដ្បិតបឹងកេតនាំមុខ ២គ្រាប់មុន តែពួកគេបានព្យាយាម វាយបកស្មើជាបន្ដបន្ទាប់ រហូតរកបាន ៤គ្រាប់ម្ខាង នៅនាទី៧៩ ។ ប៉ុន្ដែចូលដល់នាទី៨៩ កីឡាករ លី មស្លីម បានទាត់បំប៉ោងសំណាញ់ក្រុមបឹងកេត ១គ្រាប់ទៀត ដែលធ្វើឲ្យក្រុមលោក ហៅ សុជាតិ បានត្រឹមសោកស្ដាយ និងស្ពាញការបរាជ័យមកផ្ទះវិញ ។

ឯក្រុមអង្គរថាយហ្គឺរ ក៏មិនខុសពីបឹងកេតដែរ គឺបានរងបរាជ័យក្រៅដីដូចគ្នា ក្រោយប្រកួតចាញ់អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ១-០ ដែលធ្វើសម្រេចដោយកីឡាករ ប្រាក់ ធីវ៉ា នៅនាទី៧០ ។ នេះគឺជាលើកទី២ ហើយ ដែលអង្គរថាយហ្គឺរ ស្គាល់ពាក្យចាញ់ក្នុងរដូវកាល ឆ្នាំ២០១៩ ប៉ុន្ដែពួកគេ នៅតែរក្សាកៅអីលេខ៣ និងមាន ២៤ពិន្ទុ តាមពីក្រោយក្រុមណាហ្គាវើល ៣ពិន្ទុ តែនាំមុខក្រុមបឹងកេត ១ពិន្ទុ និងក្រុមវិសាខា ២ពិន្ទុ ៕