(ភ្នំពេញ)៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានជ្រាប់ច្បាស់ហើយថា​ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា គឺមានដុងជាអ្នកសិល្បៈយ៉ាងខ្លាំងក្លា ព្រោះស្ថិតក្នុងវ័យត្រឹមតែ៨ ព្រះវស្សារ ទ្រង់អាចច្រៀង និងរាំបានយ៉ាងប៉ិនប្រសព្វ។ មួយរយៈចុងក្រោយនេះ មហាជនក្នុងបណ្តាញសង្គម ក៏ដូចជាទស្សនិកជនទូទៅ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងវត្តមានអ្នកអង្គម្ចាស់តូច ក្នុងពិភពសិល្បៈតាមរយៈការច្រៀងចម្រៀងល្បីៗជាច្រើនបទ មានទាំងភាសាខ្មែរ ចិន និងអង់គ្លេសជាដើម។ យ៉ាងណាមិញ ថ្មីៗនេះ ទស្សនិកជនចាប់អារម្មណ៍ជាថ្មី ខណៈអ្នកអង្គម្ចាស់តូចរូបនេះ បានចាប់ដៃគូច្រៀងជាមួយនឹង កុមារ៉ា ឆេង ប្រសិទ្ធ បានយ៉ាងស័ក្តសម ក្នុងបទបែបមនោសញ្ចេតនា ដែលមានចំណងជើងថា «ហែកបេះដូង»។

ជាការកត់សម្គាល់ ការចាប់ដៃគូច្រៀងរវាង អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ជាមួយនឹងអតីតបេក្ខជន «The Voice Kids Cambodia» ឆេង ប្រសិទ្ធ គឺក្នុងឱកាសដែលតារាវ័យក្មេងទាំងពីរ បង្ហាញវត្តមានក្នុងកម្មវិធីកំសាន្តរបស់ស្ថានីយទូរទស្សន៍មួយ។ តាមរយៈនេះ បានធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរ និងគោរពស្រលាញ់ទ្រង់ជាខ្លាំង ក្នុងការសម្តែងរាំលើកនេះ ទោះបីជាមិនបានល្អឥតខ្ចោះដូចបទមុនៗ តែព្រះនាងអាចដាក់មនោសញ្ចេនាបានយ៉ាងល្អ។

គួរជម្រាបថា ចំពោះសមត្ថភាពច្រៀង អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា មានសមត្ថភាពច្រៀងក្នុងភេទចម្រៀងទាំងបុរាណ និងសម័យ។ លើសពីនេះ ពេលទំនេរពីការសិក្សា ទ្រង់បានឆ្លៀតពេលហាត់រៀនរាំ និងច្រៀងចម្រៀងបែប K-POP ផងដែរ។ អ្វីដែលពិសេសជាងនេះអ្នកអង្គ ម្ចាស់តូច នរោត្តម ជេនណា ដែលជាខ្សែរាជវង្សក្មេងជាងគេរបស់កម្ពុជារូបនេះ ក្រៅពីមានសមត្ថភាពនិយាយភាសាកំណើត ទ្រង់អាចនិយាយបានជាច្រើនភាសាក្នុងនោះរួមមាន៖ ភាសាថៃ ចិន បារាំង និងភាសាអង់គ្លេស៕