(ភ្នំពេញ)៖ សមាគមន៍សិល្បករខ្មែរ​មានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមផ្ទាល់តែម្ដង បានធ្វើការបង្កើតនូវកម្មវិធីប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩ ក្នុងគោលបំណងចូលរួមថែរក្សា​លើកស្ទួយនិងអភិរក្ស​ស៊ីក្លូខ្មែរ និងដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្ដល់ជាប្រាក់រង្វាន់ដល់អ្នកឈ្នះ ក្នុងការចូលរួមប្រណាំងស៊ីក្លូនេះផងដែរ ​ខណៈកម្មវិធីប្រណាំងស៊ីក្លូគឺចាប់ផ្ដើមនៅថ្ងៃស្អែកនេះតែម្ដង ប៉ុន្តែថ្ងៃនេះគឺគ្រាន់តែ​ធ្វើការផ្សព្វផ្សាយដល់បងប្អូន ឲ្យទៅចូលរួមឲ្យបានច្រើនកុះករ​ប៉ុណ្ណោះ។

​ក្នុងនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនីជាច្រើនរូប ដែលតែងខ្លួនជារបៀបនារីខ្មែរ​ ក្នុងសម័យកាលទសវត្សទី៦០ ជាសម័យកាលដែលចាប់ផ្ដើមមានស៊ីក្លូ រួមជាមួយនឹងអ្នកធាក់ស៊ីក្លូជាច្រើននាក់ផងដែរ។

មូលហេតុដែល​សមាគមសិល្បករខ្មែរបង្កើតនូវកម្មវិធី​ប្រណាំងស៊ីក្លូទេសចរណ៍នេះឡើង គឺចូលរួមលើកស្ទួយ និងអភិរក្ស​នូវស៊ីក្លូ ដែលជាយានជំនិះរបស់ខ្មែរយើងមានតាំងពីយូរមកហើយ ក៏ដូចជា​ក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនទេសចរណ៍នានា គឺអាចយកស៊ីក្លូទៅដាក់បញ្ចូលក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីឲ្យភ្ញៀវបរទេសដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា ចូលរួមជិះកំសាន្ត កំឡុងពេលដែល​មកធ្វើដំណើរកំសាន្តក្នុងប្រទេសកម្ពុជា ដូចជានៅក្នុងទីក្រុង និងនៅតាមបណ្ដាលខេត្តនានា។

មួយវិញទៀត ចំពោះព្រឹត្តការណ៍ប្រណាំងស៊ីក្លូទេសចរណ៍នេះមិនត្រឹមតែលើកស្ទួយ ក៏ដូចជាអភិរក្សនូវស៊ីក្លូខ្មែរនោះទេ ពោលគឺជាការរួមចំណែកមួយ ដើម្បីជួយដល់អ្នកធាក់ស៊ីក្លួឲ្យមានការងារធ្វើ ដើម្បីរកចំណូល​ផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយចំណែកទៀតផង៕