(ភ្នំពេញ)៖ ពិតណាស់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ គឺជាថ្ងៃមង្គលការរបស់តារាសម្តែងស្រី អាលីហ្សា ជាមួយនឹងលោក លី ឃាំង ដែលត្រូវបានគេស្គាល់ថាជាអនិកជនខ្មែរ រស់នៅអាមេរិក។ យ៉ាងណាមិញ ក្នុងកម្មវិធីពេលព្រឹក នៃថ្ងៃមង្គលការរបស់តារារូបនេះ ត្រូវបានមហាជនសង្កេតឃើញថា មិត្តៗសិល្បៈរួមអាជីព និងរៀមច្បងជាច្រើន បានចូលរួមប្រកបដោយស្នាមញញឹម ដើម្បីជូនពរគូស្វាមីភរិយាថ្មីថ្មោងទាំងពីរ។ លើសពីនេះ បើក្រឡែកទៅមើលសម្រស់របស់កូនក្រមុំកំលោះវិញ គឺញញឹមបិទមាត់មិនជិតតែម្តង ជាមួយនឹងរូបសម្រស់យ៉ាងសោភា និងសមគ្នាយ៉ាងខ្លាំង។

ពិធីរៀបការរបស់ អាលីហ្សា ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អាគារ L ដែលមានការចូលរួមសាទរពីសំណាក់មិត្តភក្តិ ជាច្រើនដូចជា ទឹម រដ្ឋា, ពៅ លីដា, ពៅ ពិសិដ្ឋ, លី ចាន់សីហា, ញឹម ចាន់ថន, អោក សុម៉ាវត្តី, និង លោក រតនៈ វិសិដ្ឋ ព្រមទាំងតារាជាច្រើនទៀតផងដែរ។ បើតាមការបង្ហើបពីប្រភពច្បាស់ការណ៍បានឲ្យដឹងថា សម្រាប់ពិធីទទួលភ្ញៀវកិត្តិយសពេលល្ងាច អាលីហ្សា បានអញ្ជើញភ្ញៀវប្រមាណជា ៧០តុ ដែលមានទាំងភ្ញៀវ ជាអ្នកក្នុងនិងក្រៅសិល្បៈចូលរួម។

ប្រភពបានបន្តថា បន្ទាប់ពីរៀបការជាមួយនឹងស្វាមីវ័យក្មេង សម្រស់មិនចាញ់តារារួចហើយនោះ តារាស្រីអាលីហ្សា មានគម្រោងឈប់ពីការងារសិល្បៈក្នុងស្រុក នឹងត្រូវចាកចេញទៅរស់នៅប្រទេសអាមេរិកជាមួយលោក លី ឃាំង ជាស្វាមី ដែលពេលនេះនាងរង់ចាំតែទិដ្ឋាការធ្លាក់មកប៉ុណ្ណោះ៕