(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្ដាញសង្គមជាច្រើន បានចុះផ្សាយពីអតីតតារាចម្រៀង លោក បូ វិចិត្រ បានបង្ហាញខ្លួនគួរឲ្យអាណិតនោះ ស្រាប់តែប្អូនស្រីបង្កើត របស់អតីតតារាចម្រៀងរូបនេះ ចេញមុខបញ្ជាក់ថា បងប្រុសរបស់ខ្លួន ​បានរងសម្ពាធច្រើនក្នុងគ្រួសារ និងមានកត្តាមួយចំនួនទៀត ដែលធ្វើឲ្យបងប្រុស (បូ វិចិត្រ) ធ្លាក់ក្នុងស្ថានភាពបែបនេះ។

គេមិនបានដឹងទេថា អតីតតារាចម្រៀង បូ វិចិត្រ បានទទួលរងសម្ពាធអ្វីខ្លះ ពីក្រុមគ្រួសារ ឬពីសង្គមរស់នៅនោះឡើយ ប៉ុន្តែតាមរយៈសារក្នុងបណ្ដាញសង្គមរបស់ប្អូនស្រីលោក មានឈ្មោះថា បូ បញ្ញា បានបញ្ជាក់ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកលេងបណ្ដាញសង្គម កុំផ្សាយ ឬបញ្ចេញអ្វីអំពីបងប្រុសរបស់ខ្លួន ព្រោះតែអាចមានផលប៉ះពាល់ ដល់ឪពុក ដែលកំពុងតែមានជំងឺបៀតបៀនច្រើនមុខ និងស្ថិតក្នុងស្ថានភាពឈាមឡើងខ្លាំងម្ដងៗ ពេលឪពុកបានឮពីដំណឹងរបស់ បូ វិចិត្រ។

យោងតាមគណនីហ្វេសប៊ុក មានឈ្មោះថា «Bo Panha» ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់អតីតតារាចម្រៀង លោក បូ វិចិត្រ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា​«ខ្ញុំសុំសំណូមពរ សុំអង្វរបងប្អូនក្នុងបណ្តាញហ្វេសប៊ុក នឹងបណ្តាព័ត៌មានទាំងអស់ ដែលផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលដាក់បន្ទុក ហើយយក៏សូមអរគុណដល់បងៗ ដែលបានជួយរកជំនួយដល់គ្រួសារនាងខ្ញុំ ​បងៗអត់បានដឹងទេថា ប៉ាខ្ញុំមានជំងឺប្រចាំកាយ លើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូង ​ប៉ាអត់បានដឹងទេថា បងគាត់ (បូ វិចិត្រ) ធ្លាក់ក្នុងស្ថានការបែបនេះទេ ?‍♂️‍​បងគាត់ដឹងថា ម៉ាក់រ៉ាប់រងច្រើនមិនចង់ឲ្យអ្នក​ផ្ទះគិតពីគាត់..!»

​គណនីដដែលបានបន្តថា «ខ្ញុំដឹងថាបង (បូ វិចិត្រ) រងសំពាធច្រើន នឹងមានកត្តាមួយចំនួន ធ្វើឲ្យបងស្ថិតក្នុងស្ថានភាពបែបនេះ ​មេត្តាបងៗទាំងអស់កុំផ្សព្វផ្សាយព័ត៌មានណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាព ជំងឺលោកប៉ាខ្ញុំ ព្រោះដោយសារប៉ាបានទទួលព័ត៌មាន ទាក់ទងនឹងបងខ្ញុំកាលពីយប់មិញ បានធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពជំងឺប៉ាខ្ញុំ ធ្វើឲ្យគាត់យំខ្លាំង គេងមិនបាន បេះដូងធ្វើទុក ឈាមក៏ឡើងទៀត។ ​សុំទោស បងៗប្រសិនបើទាក់ទងនាងខ្ញុំមិនបាន ទាន់ពេលវេលា ព្រោះជាប់មើលប៉ា និងទប់ស្កាត់មិនចង់ឲ្យប៉ាដឹង ខ្លាចគាត់គិត ​ម៉ាក់ជាជំហរគ្រួសារ ក៏ពិបាកចិត្តដែរ ​សុំចិត្តបងៗផង សូមបងៗមួយចំនួនតូច កុំបន្ថែមព័ត៌មានដែលនាំឲ្យមានបញ្ហាជាងនេះ​ ខ្ញុំសុំចិត្តណាបង​ អរគុណដោយក្តីស្រឡាញ់នឹងគោរព ចំពោះបងៗ ដែលខិតខំជួយដោយក្តីអាណិតនឹងស្រឡាញ់​..!»

ការចេញមុខបញ្ជាក់បែបនេះ ពីសំណាក់ប្អូនស្រីបង្កើត របស់អតីតតារាចម្រៀង លោក បូ វិចិត្រ ក្រោយពីមានការចុះផ្សាយជាច្រើន បង្ហាញពីស្ថានភាព​របស់លោក នៅពេលនេះ ធ្លាក់ខ្លួនពីតារាចម្រៀង ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ក្លាយខ្លួនទៅជាអ្នកអាយែឡានឲ្យគេ ស្ទើមិនគួរឲ្យជឿ៕