(កូរ៉េខាងត្បូង)៖ នៅថ្ងៃសុក្រនេះ ព័ត៌មាន koreaboo បានចេញផ្សាយថា ចាប់ពីឆ្នាំ ២០១៩មក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន YG Entertainment បានបន្តធ្លាក់ចុះជាលំដាប់ បន្ទាប់ពីសិល្បករនៅក្នុងផលិតកម្ម YG និងអ្នកគ្រប់គ្រងផលិតកម្ម Yang Hyun Suk មានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើពុករលួយ។

ការប្រែប្រួលនៃតម្លៃភាគហ៊ុនមួយនេះ បានថយចុះជិតពាក់កណ្ដាល ក្នុងរយៈពេលកន្លះឆ្នាំ។ បើតាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ភាគហ៊ុនរបស់ក្រុមហ៊ុន YG មានតម្លៃខ្ពស់បំផុតត្រឹមតែ ២៨,៣០០វ៉ុន ដែល (ប្រហែល ២៤ដុល្លារ) តែប៉ុណ្ណោះ ខុសដាច់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលតម្លៃភាគហ៊ុនមានតម្លៃរហូតដល់ទៅ ៤៨,៩៥០វ៉ុន (ប្រហែល៤២ ដុល្លារ)។

បើងាកមកអ្នកគ្រប់គ្រងផលិត YG ដែលជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងផលិតកម្ម YGវិញ គឺលោក Yang Hyun Suk ត្រូវបានគេរបាយការណ៍ថា លោកបានខាតបង់ភាគហ៊ុនចំនួន ៦៥ ពាន់លានវ៉ុន ប្រហែល ៥៥.៤ លានដុល្លារ ក្នុងរយៈពេល ៦ខែកន្លងមក។ មិនត្រឹមតែភាគហ៊ុនរបស់ Yang Hyun Suk នោះទេដែលធ្លាក់ចុះ សម្បីតែម្ចាស់ភាគហ៊ុនដទៃទៀត ក៏ធ្លាក់ចុះដូចគ្នាផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា Naver ដែលជាម្ចាស់ភាគហ៊ុនធំទី៣ ក៏បានបាត់បង់ប្រាក់ចំនួន ៣៤.៣ពាន់លានវ៉ុន ប្រហែល ២៧ លានដុល្លារ។ សម្បីតែរដ្ឋាភិបាល ​ ក៏ទទួលរងផលប៉ះពាល់ផងដែរ ខណៈដែលប្រព័ន្ធប្រាក់សោធននិវត្តន៍ជាតិ បានបាត់បង់ជាង ២០ពាន់លានវ៉ុន (ប្រហែល ១៧លានដុល្លារ)។

ការវិនិយោគទុនរបស់ផលិតកម្ម YG មានតម្លៃ ៨៩០.៥ ពាន់លានវ៉ុន (ប្រហែល៧៦០លានដុល្លារ) ប៉ុន្តែស្រាប់តែនៅថ្ងៃទី ១៨ កន្លងទៅនេះ បានធ្លាក់ចុះមកត្រឹម ៥១៤.៨ ពាន់លានវ៉ុន ប្រហែល៤៣៩ លានដុល្លារ ដែលតួលេខមួយនេះ បានធ្លាក់ចុះរហូតដល់ទៅ ៥៧% ឯណោះ បើធៀបកាលពី ៦ ខែមុន។​

សូមបញ្ជាក់ថា Yang Hyun Suk នាយកប្រត្តិបត្តិ YG ដែលត្រូវជាបងប្អូនរបស់លោក តារាចម្រៀង B.I និងSeungri សុទ្ធតែបានចាកចេញពីផលិតកម្ម YG Entertainment ចាប់តាំងពីផលិតកម្មមួយនេះ ទទួលរងរឿងអាស្រូវជាច្រើន នាពេលកន្លងមក៕