(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជនប្រហែលជាភ្លេចមុខអតីតតារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះកាលពីជាង២០ឆ្នាំមុន លោក សែម សង្វាត ដែលលោកជាតារាចម្រៀងមួយរូប មានភាពល្បីល្បាញ មានកេរ្តិ៍ឈ្មោះបោះសំឡេង​ ជាពិសេសនោះគឺមានការគាំទ្រពីទស្សនិកជន។ យ៉ាងណាមិញ ក្រោយពីចាកឆ្ងាញពីសិល្បៈអស់រយៈពេលជាង២០ឆ្នាំ តើអតីតតារាចម្រៀងល្បីឈ្មោះ លោក សែម សង្វាត មានសុខទុក្ខ ក៏ដូចជាជីវភាពគ្រួសារលំបាក ឬក៏ស្រណុកស្រុកស្រួលយ៉ាងណា និងរស់នៅកន្លែងណាដែរ?

ជាការពិតណាស់ ចំពោះការបាត់វត្តមានសូន្យឈឹងពីពិភពសិល្បៈប្រមាណជាង២០ឆ្នាំ របស់ លោក សែម សង្វាត ទស្សនិកជនពិតជាចង់ដឹងណាស់ ថារូបលោកមានសុខទុក្ខយ៉ាងណា​។ តាមពិតទៅ ចំពោះការឃ្លាតឆ្ងាយពីសិល្បៈទាំងគ្មានដំណឹង គឺរូបលោកមិនបានទៅលាក់ខ្លួនពួនអាត្មានៅទីណានោះទេ ពោលគឺដោយសារតែរូបលោកមានបញ្ហាសុខភាព រយៈពេលប្រមាណជាង៣ឆ្នាំ ចាប់តាំងពីលោកចូលច្រៀងដំបូង ប៉ុន្តែដោយសារតែលោកប្រឹងធ្វើការរកស៊ីបន្ថែមទៀត ទើបធ្វើឲ្យលោកបានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះហើយទើបធ្វើឲ្យលោកឃ្លាតឆ្ងាយពីសិល្បៈ​។ យ៉ាងណាក្ដី បច្ចុប្បន្នសុខភាព​របស់អតីតតារាចម្រៀង លោក សែម សង្វាត គឺមានសុខភាព​ល្អធម្មតា​ទេ។

ជាមួយគ្នានេះ តារាចម្រៀងជើងចាស់ លោក សែម សង្វាត ក៏បានថ្លែងសួរសុខទុក្ខដល់ទស្សនិកជន អ្នកគាំទ្ររូបលោកផងដែរ​។ យ៉ាងណាលោកមិនបានបង្ហើបថា លោកនឹងមានគម្រោងត្រឡប់ចូលសិល្បៈវិញ ខណៈបច្ចុប្បន្នតារាចម្រៀងជើងចាស់រូបនេះ​ក៏មានវ័យជ្រេ​បន្តិចទៅហើយដែរ។

គួររំឭកផងដែរថា លោក សែម សង្វាត គឺជាអតីតតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ​នៅក្នុងស្រទាប់សិល្បៈ ប៉ុន្តែ​ដោយសារតែមានជំងឺប្រចាំកាយធ្ងន់ធ្ងរ បានធ្វើឲ្យតារាចម្រៀងមួយដួងនេះបាត់វត្តមានសូន្យពីសិល្បៈរយៈពេលជាង២០ឆ្នាំ។ ស្របជាមួយគ្នានឹងការបាត់ដំណឹងនេះ លោកត្រូវបានគេដឹងថា ក្លាយជាអាជីវកររកស៊ីលក់កាបូបនៅក្នុងផ្សារប៉ោយប៉ែត និងផ្សាររ៉ុងក្លឿ ប្រទេសថៃផងដែរ។ ទើបតែថ្មីៗនេះ ស្រាប់តែលេចវត្តមានលោក​ឡើងវិញ ធ្វើឲ្យទស្សនិកជន​ជាច្រើនបានសម្ដែងនូវការនឹករឭកដល់លោកយ៉ាងខ្លាំង៕