(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅនៃក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបង្ហើបពីគម្រោងលក់កីឡាករស្បែកខ្មៅ Paul Pogba តែក្នុងតម្លៃចាប់ពី ១៤០លានផោន ស្មើនឹង ១៧៨លានដុល្លារអាមេរិក។

ថ្លែងនៅក្នុងកិច្ចសម្ពាសន៍ជាមួយ Dailystar នាពេលថ្មីៗនេះ លោក Ole បានថ្លែងថា រូបលោកកំពុងតែរៀបចំលក់ កីឡាករខ្សែបម្រើប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងក្លឹប ហើយរំពឹងទទួលបានចាប់ពី ១៧៨លានដុល្លារពីក្លឹបដែល កំពុងចង់បាន Juventus ផងដែរ។

អ្នកចាត់ការសញ្ជាតិន័រវេសរូបនេះបានកំពុងតែរងសម្ពាធ ក្រោយដឹកនាំ Man Utd បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៦ ដាច់ឆ្ងាយពីក្រុមជើងឯក Manchester City រហូតដល់ទៅ ៣២ពិន្ទុក្នុង Premier League រដូវកាលនេះដែលធ្វើឲ្យខកខានលេងនៅ UEFA Champions League រដូវកាលក្រោយផងនោះ មិនត្រូវបានអើពើពីអនុប្រធានក្លឹប លោក Ed Woodward នោះទេ ក្រៅពីទម្លាក់លុយត្រឹមតែ ១០០លានដុល្លារប៉ុណ្ណោះ ដើម្បីឲ្យ Ole ចាត់ចែងទិញកីឡាករ។

ការបង្ហើបពីគម្រោងចង់លក់ចេញនេះ ក៏វាស្របទៅនឹងគោលបំណងរបស់កីឡាករដែលទើបជួយបារាំង ឈ្នះជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ី ដែលមានបំណងទៅចូលរួមជាមួយ Juventus ដែលរូបគេបានចាករយៈពេល ៣ឆ្នាំមកហើយមកកាន់ទឹកដី Old Trafford ខណៈ Real Madrid ក៏ចង់បានកីឡាករវ័យ ២៦ឆ្នាំនេះដែរ៕