(ម៉ាឌ្រីដ)៖ កីឡាករដែលលេងក្នុងតំណែងប្រយុទ្ធ Fernando Torres បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ជាផ្លូវ ការហើយនៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រោយចូលមានរយៈពេល ១៨ឆ្នាំមកនេះ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា ក្នុងរយៈពេល ១៨ឆ្នាំដែលបុរសវ័យ ៣៥ឆ្នាំ Torres គឺបានលេងឲ្យតែ ៥ប៉ុណ្ណោះ រួមមាន Atletico Madrid របស់អេស្ប៉ាញ, Liverpool និង Chelsea របស់អង់គ្លេស, AC Milan របស់អ៊ីតាលី និងចុងក្រោយគេគឺក្លឹប Sagan Tosu ដែលលេងក្នុងលីគកំពូល J1 League របស់ជប៉ុន។

Torres ក៏ជាសមាជិកសំខាន់មួយរូបដែលបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដោយបានបំបែកប្រវត្តិឈ្នះជើងឯក FIFA World Cup 2010 លើកដំបូងនៅទឹកដីនៃប្រទេសអាហ្រ្វិកខាងត្បូងផងដែរ បន្ទាប់ពីយកឈ្នះហូឡង់នៅវគ្គផ្តាច់ព្រ័ត្រ ក្រៅជួយក្រុមខ្លាំងនៅទ្វីបអឺរ៉ុបមួយនេះឈ្នះជើងឯក UEFA Euro ២សម័យកាលជាប់គ្នាក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ ពីការចូលលេងបាន ១១០ប្រកួតឲ្យអេស្ប៉ាញ។

កាលពីក្នុងឆ្នាំ២០១១ Fernando Torres បានបំបែកកំណត់ត្រាដោះដូរកីឡាករនៅអង់គ្លេស តាមរយៈទទួលបានតម្លៃខ្លួន ៥០លានផោន ស្មើនឹង ៦៤លានដុល្លារ ពេលផ្ទេរចេញពីក្លឹបហង្សក្រហម Liverpool ទៅកាន់គូប្រជែងនៅ Premier League ដូចគ្នា តោខៀវ Chelsea ជាទីដែលរូបលោកស៊ុតបញ្ចូលទីបាន ៤៥គ្រាប់ ពីការចូលលេងបាន ១៧២ប្រកួត។

Torres នឹងបកស្រាយលំអិតអំពីជីវិតបាល់ទាត់ និងការសម្រេចចិត្តចូលនិវត្តន៍ពីវិស័យលើវាលស្មៅនេះក្នុងសន្និសីទសារព័ត៌មាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅទីក្រុង Tokyo ប្រទេសជប៉ុន៕