(ភ្នំពេញ)៖ អតីតក្រុមជើងឯកលីគ ៦សម័យកាលភ្នំពេញក្រោន នឹងត្រូវតតាំងនឹងក្រុមដែលកំពុងឡើងជើង អង្គរថាយហ្គឺរ ស្អែកនេះប្រចាំសប្តាហ៍ទី១២ ជើងទី១ នៃពានរង្វាន់លីគកម្ពុជា ឆ្នាំ២០១៩។

លោក ស៊ុ វណ្ណា ដែលជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងក្លឹបក្រោន បានចាត់ទុកនេះជាជំនួបដ៏ស្វិតស្វាញ និងប្រយ័ត្នប្រយែងបំផុតមួយ ព្រោះអង្គរថាយហ្គឺរ សំបូរទៅដោយតារាជើងស៊ុត និងកំពុងឈរនៅ Top scorer ផងដែរ ដ្បិតក្រុមនេះស្ថិតនៅលេខរៀងទី៣ ទៀតផង។

បុរសជនជាតិខ្មែរ ដែលត្រូវបានតែងតាំងជំនួសកៅអីគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ផងនោះបានថ្លែងថា «ក្រុមរបស់គេ (ថាយហ្គឺរ) កំពុងតែឡើងជើង និងលេងបានល្អ ហើយពួកគេមានខ្សែប្រយុទ្ធបរទេសដែលល្អ ដូច្នេះពួកយើងត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់ការប្រកួតដ៏សំខាន់នេះ។ យើងកំពុងតែមានការរៀបចំល្អ ព្រោះកីឡាករយើងម្នាក់ៗមានការប្រឹងប្រែងសម្រាប់ការប្រកួត ហើយយើងក៏ពុំមានកីឡាករណាម្នាក់ដែលមានរបួសដែរ ដូច្នេះយើងនឹងធ្វើឲ្យអ្នកគាំទ្ររបស់យើងពេញចិត្តជាមួយទម្រង់លេង ដើម្បីយកឈ្នះការប្រកួតក្នុងដីនេះ»

គួរបញ្ជាក់ថា ការប្រកួតប្រចាំសប្តាហ៍ទី១២ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន១៨ពិន្ទុ នឹងត្រូវទទួលភ្ញៀវ អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ២៤ពិន្ទុបណ្តោះអាសន្ន។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN ថ្ងៃសៅរ៍ ទី២២ ខែមិថុនា វេលាម៉ោង ៦៖០០នាទីល្ងាច៕