(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម កញ្ញា ណាណៃ បានជួបរឿងស៊យធំក្នុងជីវិត និងអាចធ្វើឲ្យនាងបាក់កម្លាំង ដែលកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ មានចោរហារយបានលួចចូលគាស់ផ្ទះរបស់នាង ដោយបានរើកកាយយកលុយអស់ប្រមាណខ្ទង់ជាង៥ពាន់ដុល្លារ ដែលជាលុយនាងខំប្រឹងសន្សំពីការងារសិល្បៈ ទុកដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែត្រូវបាត់បង់គួរឲ្យសោកស្ដាយ។

ស្រីស្រស់ ណាណៃ បានថ្លែងប្រាប់ទាំងហួសចិត្តថា «វាជាកាពិតណាស់បងប្រុស.. ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ នូវអ្វីៗដែលបានបាត់បង់ទៅ ដែលជាការខំប្រឹងដោយកំលាំងញីសឈាមរបស់ខ្ញុំ ដែលលំបាករកខ្លាំងបំផុត​ លុយខ្ញុំអាចរកបានមកវិញ តែអ្វីដែលខ្ញុំសោកស្ដាយនោះ គឺរបស់របដែលខ្ញុំស្រឡាញ់»

តារាចម្រៀងជួបរឿងស៊យទាំងកណ្ដាលយប់រូបនេះបានបន្តថា ក្រៅពីបាត់បង់លុយមួយចំនួនហើយនោះ នាងក៏បានបាត់បង់កាបូប ដែលនៅក្នុងកាបូបមានដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន នាឡិកា ដែលសុទ្ធសឹងតែញើសឈាម បានមកពីការសន្សំយ៉ាងលំបាកពីការងារសិល្បៈ។

កញ្ញា ណាណៃ បាននិយាយបន្ថែមទាំងអារម្មណ៍សៅហ្មងទៀតថា លោកចោរចិត្តខ្មៅនោះមិនត្រឹមតែរើកកាយយករបស់មានតម្លៃក្នុងផ្ទះរបស់នាងទេ សូម្បីតែឯកសារមួយចំនួន ដូចជា សៀវភៅធនាគារ សំបុត្រកំណើត និងសម្លៀកបំពាក់ដែលមានតម្លៃនាងធ្លាប់ស្លៀក ក៏ប្រមូលយកទៅអស់គ្មានសល់ដែរ។ នាងចាត់ទុកថា ពិតជាទង្វើសាហាវមែន ដែលនាងមិនដែលជួបប្រទះទាល់តែសោះ។

តារាចម្រៀង ណាណៃ បានដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានរួចហើយ ដើម្បីជួយស្វែងរកជនសង្ស័យ និងអន្តរាគមន៍លើករណីនេះ ខណៈដែលផ្ទះកើតហេតុស្ថិតនៅផ្ទះជួលលេខ៣៤A ភូមិតាងួន សង្កាត់ពោធិសែនជ័យ ខណ្ឌពោធិសែនជ័យ៕