(ភ្នំពេញ)៖ ជាការពិតណាស់ ភាពភ្ញាក់ផ្អើលបានកើតឡើង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលអតីតតារាចម្រៀង លោក បូ វិចិត្រ ម្ចាស់បទ «ប៊ិះស៊យ» បានបង្ហាញខ្លួនគួរឲ្យអាណិត។ បន្ទាប់ពីរឿងរ៉ាវនេះ បានផ្ទុះកក្រើកឡើង បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ហើយអ្នកសិល្បៈ ក៏មិនបានឈរឱបដៃ ព្រងើយកន្តើយមើលនឹងភ្នែកដែរ ដោយបានស្កាត់ជួបសួរនាំ និងផ្ដល់ជំនួយជាបន្តបន្ទាប់។

យ៉ាងណាមិញ នៅ​ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា បានជួប​ផ្ទាល់ជាមួយ លោក ប៊ូ វិចិត្រ ដែលជាម្ចាស់បទ «ប៊ិះស៊យ» ហើយ។ ក្រោយពីបានសួរនាំរួចមក កាន់តែអាណិត ដល់អតីតតារាចម្រៀងរូបនេះជាខ្លាំង ព្រោះមានពេលខ្លះលោកអត់មានបាយហូបក៏មាន ចំណែកនៅពេលនេះ ក៏មានជំងឺប្រចាំកាយថែមទៀត ព្រោះលោកធ្លាប់ធ្លាក់ពីលើដើមក្ងោក។

​លោក ហេង ឡុង ក៏ទើបភ្ជាប់សារដ៏រំជួលចិត្តមួយ​ទាក់ទង បូ វិចិត្រ ដោយបញ្ជាក់ថា «រឿងការពិតត្រូវបានលាតត្រដាង​ប្អូន បូ វិចិត្រ គឺគាត់មានបញ្ហាបាត់ការចងចាំ​ និងមិនប្រក្រតី។ សមាគមសិល្បករនឹងព្យាយាមជួយព្យាបាលគាត់ និងតាមដានពីជីវភាពប្រចាំថ្ងៃរបស់គាត់។ អរគុណ​សម្រាប់ការចែកចាយព័ត៌មានពិត»

​នៅថ្ងៃដដែលនេះដែរ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ «​Jenny Chamroeun» បានជួបផ្ទាល់ជាមួយអតីតតារាចម្រៀង បូ វិចិត្រ ក្នុងសភាពដុនដាប អាយ៉ែឡានឲ្យគេ នៅក្បែរក្លឹបកម្សាន្ត ៥៥ នៅជិតអាហារដ្ឋាន យាយម្លូរ។ ​ម្ចាស់ហ្វេសប៊ុករូបនេះ ព្រោះតែក្តីអាណិតក៏បានបង្ហោះវីដេអូ និងរូបភាពរបស់ បូ វិចិត្រ ចូលទៅក្នុងហ្វេសប៊ុក ក្រែងមានសប្បុរសជនណាអាចជួយសម្រួលដល់ទុក្ខលំបាកអតីតតារារូបនេះបាន។ ​

ពិតហើយថា បន្ទាប់ពីជួបលោក ហេង ឡុង និងអ្នកនាង ចនច័ន្ទលក្ខិណា រួចមក ​សមាគម​សិល្បករខ្មែរបានឧបត្ថម្ភជាទឹកប្រាក់ចំនួន ២០០ដុល្លារ, អ្នកនាង ស៊ិន ឧត្តមផល្លា ឧបត្ថម្ភ១០០ដុល្លារ, គង់ ច័ន្ទសូរិយា ១០០ដុល្លារ, អ្នកនាង Lina DY ២០ដុល្លារ, ប្អូនស្រី លីណា ម៉ាក់ហ៊ាតុងអូនយ៉ុង ២០ដុល្លារ សរុបបានចំនួន ៤៤០ដុល្លារ ខណៈនៅថ្ងៃនេះលោក បូ វិចិត្រ នឹងទិញទូរស័ព្ទមួយគ្រឿងសម្រាប់ប្រើ ដើម្បីងាយស្រួលទំនាក់ទំនងដោយសារការចងចាំរបស់លោកមិនសូវល្អ​ ព្រោះកន្លងមកលោកធ្លាប់គ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលផ្នែកខាងក្រោយ៕