(ភ្នំពេញ)៖ ស្នាដៃថ្មី រឿង «ព្រឺ» ពីផលិតកម្មខ្មែរមេគង្គ ត្រូវបានផលិតកម្មបញ្ចេញកាលពីយប់មិញនេះ ខណៈដែលអ្នកទស្សនាបានឃើញហើយ គឺអាចមានអារម្មណ៍ព្រឺព្រួច ភ័យតក់ស្លុត ញាក់សាច់ ព្រោះតែមានឈុតឆាករន្ធត់ និងសាហាវច្រើន នៅក្នុងសាច់រឿង។

ផលិតករបានទម្លាយថា ការបញ្ចេញ Trailer រឿងថ្មីរបស់ខ្លួន មានចំណងជើងថា «ព្រឺ» គឺបន្ទាប់ពីភាពយន្ត មួយចំនួនដូចជារឿង «បាត់ខ្លួន» និង «តម្លៃស្នេហ៌» ទទួលបានការចាប់អារម្មណ៍ខ្លាំង និងជោគជ័យ នៅក្នុងការដាក់បញ្ចាំងនាពេលកន្លងមក ហើយពេលនេះ រឿង «ព្រឺ» ប្រាកដជាធ្វើឲ្យ​អ្នកទស្សនា ចងចាំផលិតកម្ម «ខ្មែរមេគង្គ» (KMF)សារជាថ្មីម្តងទៀតហើយ។

ផលិតករឿង បានសម្ដែងក្ដីរំពឹងទុកថា ក្រោយពីទស្សនាឈុត Trailer រួចមក ​ទស្សនិកជននឹងមានអារម្មណ៍ភ័យរន្ធត់ តក់ស្លុត ញាក់សាច់ទ្រើតៗតែម្ដង ដោយសារមានឈុតឆាកសាហាវៗ ហើយនឹងមានចម្ងល់ថា «នរណាជាឃាតក» ពិតប្រាកដ។

​សូមបញ្ជាក់ថា ភាពយន្តរឿង «ព្រឺ» នឹងចាប់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើប​ទាំងអស់ នៅថ្ងៃទី១៨ ខែកក្កដា ២០១៩ នេះតទៅ។ សូមចូលរួមគាំទ្រ និងលើកស្ទួយភាពយន្តខ្មែរទាំងអស់គ្នា៕