(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានស្នើសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ត្រូវយកចិត្តទុកដាក់ និងបង្កើតធនធានកីឡាការិនីឲ្យបាន ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងបែបនេះ បានធ្វើក្នុងពិធីបើកការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ ខណៈមានកីឡាករចំនួន ៤៨នាក់ចូលរួម តែគ្មានកីឡាការិនីនោះទេ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានទទួលស្គាល់ថា ប៉ុន្មានឆ្នាំមកនេះ សហព័ន្ធកីឡាអុកពិតជាមានការប្រកួតច្រើន ទាំងការប្រកួតថ្នាក់ជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ តែរាល់ការប្រកួតម្ដងៗ ស្ទើរតែគ្មានកីឡាការិនីចូលរួមប្រកួត ហេតុនេះសហព័ន្ធត្រូវយកចិត្តទុកដាក់ ព្រោះកីឡាអុកចត្រង្គ ក៏ជាប្រភេទកីឡាមួយត្រៀមបញ្ចូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែរ។

លោបញ្ជាក់ថា «កន្លងមកនេះ យើងមិនទាន់ឃើញសហព័ន្ធ មានផែនការយុទ្ធសាស្ដ្រ និងលើកទឹកចិត្តការប្រមូលផ្ដុំកីឡាការិនី ឬស្ដ្រីនោះទេ ចឹងសហព័ន្ធត្រូវយកចិត្តទុកដាក់លើផែនការប្រមូលផ្ដុំកីឡាការិនីឲ្យបានច្រើន ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវមានការប្រកួតទាំងបុរស និងនារី។ ចឹងដើម្បីយកប្រៀបពេលយើងធ្វើម្ចាស់ផ្ទះ ទាល់តែយើងមានការរៀបចំពីឥឡូវទៅ»

ចំពោះការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ វិញ គ្រោងធ្វើឡើង ២ថ្ងៃ ដោយបែងចែកជា ៨ពូល ក្នុង ១ពូលមាន ៦នាក់។ បន្ទាប់ពីធ្វើការប្រកួតវិលជុំក្នុងពូល កីឡាករមានពិន្ទុខ្ពស់ជាងគេ ២នាក់ នឹងបានឡើងវគ្គ ១៦នាក់ចុងក្រោយ និងវគ្គបន្ដបន្ទាប់ រហូតរកឃើញម្ចាស់ជើងឯកតែម្តង។ លើសពីនេះ កីឡាករទទួលបានជយលាភីល្អជាងគេ ១៥នាក់ សហព័ន្ធនឹងស្នើបញ្ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីប្រមូលផ្ដុំនាឆ្នាំ២០២០ ទៀតផង៕