(ប៉ារីស)៖ កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ កម្មវិធីពិព័រណ៍អាកាសចរណ៍អន្ដរជាតិប៉ារីស លើកទី៥៣ ត្រូវបានធ្វើឡើងនៅឯអាកាសយាន្តដ្ឋាន Le Bourget (ឡឺ ប៊ួរហ្សែត) ដែលស្ថិតចម្ងាយ ១០.៦ គីឡូម៉ែត្រពីកណ្ដាលទីក្រុងប៉ារីស ដោយមានក្រុមហ៊ុនប្រមាណ ២៥០០ មកពី៤៩ប្រទេស បានចូលរួមបង្ហាញពីបច្ចេកវិទ្យា របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៩។

នេះគឺជាបច្ចេកវិទ្យាដ៏ថ្មីមួយនៃវិស័យអាកាសចរណ៍ ហើយការតាំងពិព័រណ៍នេះ ក៏បានបង្ហាញពី ម៉ាស៊ីនយន្តហោះ បច្ចេកវិទ្យារុករកផ្កាយរណប កាប៊ីនយន្តហោះ និងកៅអី និងប្រព័ន្ធសព្វាវុធ ជាដើម។ ប៉ុន្មានឆ្នាំមកនេះ កម្មវិធីពិព័រណ៍អាកាសចរណ៍បានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃវេទិកាអន្ដរជាតិ នៅក្នុងវិស័យអាកាសចរណ៍យោធា និងស៊ីវិល។ កម្មវិធីតាំងពិព័រណ៍ មានរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩។

សូមជម្រាបថា កម្មវិធីពិព័រណ៍អាកាសចរណ៍អន្ដរជាតិប៉ារីស គឺជាពិព័រណ៍អាកាសចរណ៍អន្ដរជាតិ ដែលរៀបចំរៀងរាល់ ០២ឆ្នាំម្ដង ដោយSIAE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GIFAS ដែលជាសមាគមអាកាសចរណ៍ហោះហើររបស់ប្រទេសបារាំង ហើយវាគឺជាផ្នែកមួយដែលបង្ហាញពីការហោះហើរដ៏ធំបំផុតនៅលើពិភពលោក៕