(ភ្នំពេញ)៖ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍ លោកអ្នកនឹងបានជួបជាមួយនឹងតួឯកស្រីវ័យក្មេង ដែលធ្វើឲ្យទស្សនិកជនក្នាញ់ចិត្ត តាមរយៈសម្តែងជាតួឯកស្រីពូកែរករឿងមិត្តប្រុស​ «ដៃគូជីវិត» គឺកញ្ញា ឈិន មុន្នីនាថ។ តារាស្រីវ័យក្មេងសម្រស់ផូរផង់ គួរជាទីគាប់ចិត្តដល់ក្រសែភ្នែកអ្នកគាំទ្ររូបនេះ នឹងមកបង្ហាញពីជីវិតប្រឡូកក្នុងវិថីសិល្បៈទាំងវ័យក្មេង ដល់ទស្សនិកជនឲ្យបានជ្រាបកាន់តែច្បាស់ថា តើមានបញ្ហាប្រឈមអ្វីខ្លះចំពោះរូបនាង?

ជាការកត់សម្គាល់ កូនស្រីដ៏ស្រស់សោភារបស់អតីតតារាចម្រៀង លោក ឈិន កុសល គឺកញ្ញា ឈិន មុន្នីនាថ បច្ចុប្បន្នត្រូវបានមហាជនសង្កេតឃើញថា នាងមានទីផ្សារសិល្បៈយ៉ាងខ្លាំង ក្នុងវិស័យឧស្សាហ៍កម្មភាពយន្តកម្ពុជា បើទោះបីមានឈ្មោះត្រឹមតែជាតារាពន្លកថ្មីក៏ដោយ។​ ក្នុងនោះរាល់ស្នាដៃសម្តែងរបស់នាង គឺសុទ្ធសឹងតែមានការគាំទ្រច្រើនពីទស្សនិកជន ជាពិសេសស្នាដៃនាងមានការពេញចិត្តខ្លាំងសម្រាប់មិត្តៗយុវវ័យ។ បើគេនៅចាំមិនភ្លេច ភាពយន្តខ្លីមួយដែលមានចំណងជើងថា «ដៃគូជីវិត» ដែលនាងសម្តែងជាតួ​ឯក កំពុងតែត្រូវមហាជនជក់ចិត្តទស្សនាគ្រប់គ្នា ជាមួយនឹងការសម្តែងជាតួស្រីពូកែរករឿង។

យ៉ាងណាមិញ ងាកមកជីវិតក្រោយសិល្បៈរបស់នាងយ៉ាងណានោះ នាងនឹងបកស្រាយឲ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕