(ភ្នំពេញ)៖ គ្រាដែលការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ លើកទី១៣ បានឈានដល់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ ខណៈក្រុមបឹងកេត បានបញ្ចូលឈ្មោះយុវជនអាយុក្រោម ១៨ឆ្នាំ ចំនួន ៤រូប ទៅក្នុងក្រុមធំ។

អ្វីដែលសំខាន់ផងនោះ ពួកគេបានចូលរួមក្នុងការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមធំ និងបង្ហាញសមត្ថភាពចំពោះមុខគ្រូបង្វឹក ហៅ សុជាតិ នៅក្នុងជំនួប ២-២ ជាមួយភ្នំពេញក្រោនកន្លងមកនេះផងដែរ។ សម្រាប់កីឡាករទាំង ៤រូបនោះរួមមាន ស្រ៊ី ពិសិដ្ឋ, លី ម៉ាឯល, ហ៊ត ឈិនជិន និង នី សាគីរីន។

ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់ជើងទី១ ដោយបឹងកេត ត្រូវជួប ខេត្តសៀមរាប នៅកីឡដ្ឋានសៀមរាប។

សូមបញ្ជាក់ថា ជំនួបជាមួយក្រុមរងជើងឯកថ្នាក់ខេត្តនេះផងដែរ គ្រូបង្វឹក ហៅ សុជាតិ ក៏បានអះអាងថា គឺត្រូវការឈ្នះជាចាំបាច់ ដើម្បីជាក្តីសង្ឃឹមខ្ពស់ក្នុងការត្រឡប់មកលេងនៅជើងទី២ ក្នុងទឹកដីរបស់ខ្លួននាខេត្តកំពង់ចាម៕