(ម៉ាឌ្រីដ)៖ លោក Luis Enrique បានប្រកាសលាឈប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញជាផ្លូវការហើយនាយប់មិញនេះ បន្ទាប់ពីដឹកនាំទើបតែបាន ១១ខែប៉ុណ្ណោះ ដោយសារតែហេតុផលផ្ទាល់ខ្លួន។

១ប្រកួតចុងក្រោយរបស់គ្រូបង្វឹកវ័យ ៤៩ឆ្នាំសញ្ជាតិអេស្ប៉ាញខាងលើនេះ នៅពេលដឹកនាំក្រុមគោជល់មួយនេះទទួល បានជ័យជម្នះ ២-១ ទៅលើគូប្រជែងន័រវេស ក្នុងវគ្គជម្រុះពានរង្វាន់អឺរ៉ុប UEFA Euro 2020 កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

អតីតគ្រូបង្វឹកជោគជ័យក្នុងក្លឹបយក្ស FC Barcelona, Luis Enrique បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំអេស្ប៉ាញ រយៈពេល ២ឆ្នាំគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ មក មុនឈានដល់ផ្លូវបំបែកដែលទើបតែកាន់តំណែងនេះមានរយៈ ពេលត្រឹម ១១ខែប៉ុណ្ណោះ។ តំណែងរបស់លោកនឹងត្រូវប្រគល់ឲ្យគ្រូជំនួយរបស់លោកគឺ Robert Moreno ជាអ្នកកាន់ ជំនួសរហូតដល់រកអ្នកថ្មីបាន។

ភ្លាមៗនោះដែរ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ដោយ BBC ថា «Enrique ត្រូវបានអវត្តមានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញគិតចាប់តាំងពីខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ដោយសារតែ មានបញ្ហាគ្រួសារដែលមិនអាចប្រាប់បាន»។

Luis Enrique ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមជម្រើសជាតិដែលជាម្ចាស់ជើងឯក World Cup 2010 តាំងពីក្រុមខ្លាំង នៅអឺរ៉ុបមួយនេះជ្រុះចេញពី World Cup 2018 នៅប្រទេសរុស្ស៊ីត្រឹមវគ្គ ១៦ក្រុមចុងក្រោយ៕