(ភ្នំពេញ)៖ គ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា វត្តមានរបស់កីឡាករពាក់លេខ១១ ចាន់ វឌ្ឍនាកា នឹងធ្វើឲ្យស្ថានភាពតំបន់បម្រើ និងប្រយុទ្ធរបស់ក្រុមខ្លួនកាន់តែរឹងមាំជាងជើងទី១ ហើយលើកឡើងទៀតថា កូនក្រុមរូបនេះអាចនឹងក្លាយជា អ្នកស៊ុតចូលច្រើនជាងគេ (Top scorer) ក្នុង​ចំណោមកីឡាករខ្មែរក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។

លោកបានបន្ថែមទៀតថា លោករំពឹងបែបនេះ ព្រោះមើលឃើញពីការប្រឹងប្រែងរបស់ វឌ្ឍនាកា ក្នុងការចូលរួមហ្វឹកហាត់នាពេលកន្លងមក។ បទពិសោធពីលីគកំពូលម៉ាឡេស៊ី ដែលមានកម្រិតខ្ពស់ជាងលីគក្នុងស្រុករបស់ វឌ្ឍនាកា បូកផ្សំនឹងឆន្ទៈមោះមុតរបស់គេ នឹងក្លាយជាកម្លាំងសំខាន់មួយ ជួយក្រុមប្រជែងជើងឯករដូវកាលនេះ។

អ្វីដែលគួរឲ្យកត់សំគាល់នោះ លោក ហៅ សុជាតិ គូសបញ្ជាក់ថា «ខ្ញុំមិនហ៊ានអះអាងថា គាត់អាចក្លាយជា Top scorer នៅលីគកំពូលបានទេ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា គាត់នឹងអាចក្លាយជាកីឡាករខ្មែរ ដែលរកបានគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាលឆ្នាំ២០១៩ នេះ។ ប៉ុន្តែអ្វីទាំងអស់នេះ សុទ្ធតែជាការប៉ាន់ស្មានទេ ព្រោះការរកគ្រាប់បាល់ត្រូវពឹងផ្អែកលើកត្តារួមផ្សំជាច្រើន ពុំមែនតែសាមីកីឡាករម្នាក់ឯងនោះទេ»

សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានចូលរួមជាមួយបឹងកេតជាលើកទី៣ កាលពីដើមខែនេះ ក្នុងកិច្ចសន្យារយៈពេល៣រដូវកាល ក្រោយចែកផ្លូវពីក្លឹបលីគកំពូលម៉ាឡេស៊ី PKNS ត្រឹមពាក់កណ្ដាលរដូវកាលឆ្នាំ២០១៩ នេះ៕