(មិចសិចកូ)៖ ភ្នំភ្លើងដែលមានឈ្មោះថា Popocatepetl ដ៏មានឥទ្ធិពលដែលស្ថិតនៅចំកណ្តាលប្រទេសមិចសិចកូ បានផ្ទុះឡើងដ៏កក្រើកម្តងទៀតនៅថ្ងៃចន្ទដើមសប្តាហ៍ ព្រមទាំងបានជះកំអែផេះ និងផ្សែងខ្មៅក្រាស់ខ្មឹកទៅលើផ្ទៃអាកាស ដែលបានបណ្តាលឲ្យប្រជាជនរស់នៅជុំវិញនោះមានការព្រួយបារម្ភជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

ភ្នំភ្លើងខាងលើដែលត្រូវបានគេនិយមស្គាល់ដោយឈ្មោះជាទូទៅថា «Popo» ស្ថិតនៅចន្លោះរដ្ឋ Puebla និង Morelos ចម្ងាយត្រឹមតែ ៧២គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីមិចសិចកូ ហើយភ្នំភ្លើងនេះបានផ្ទុះឡើង ប៉ុន្មានខែថ្មីៗនេះ។

គួរបញ្ជាក់ដែរថា ភ្នំភ្លើងដែលមានអត្ថន័យថា «ភ្នំផ្សែង» បានផ្ទុះឡើងនៅវេលាម៉ោង ៦៖៤៤នាទី (ម៉ោងក្នុងតំបន់) ព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ហើយប្រជាជន ២៥លាននាក់ បានរស់នៅចម្ងាយ ១០០គីឡូម៉ែត្រពីបន្ទុះភ្នំភ្លើងនេះ៕