(កូរ៉េខាងត្បូង)៖ អតីតតារាចម្រៀងប្រុស Seungri ដែលនៅជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវផ្លូវភេទ ការកេងបន្លំ ស្នើឲ្យផ្តល់សេវាផ្លូវភេទ និងចែកចាយវីដេអូខុសច្បាប់ នៅក្នុងក្រុមជជែកកម្សាន្តនោះ ត្រូវបានគេចេញផ្សាយកាលពីថ្ងៃអង្គារ៍នេះថា លោកនឹងត្រូវផុតកំណត់ចូលបម្រើយោធា នៅថ្ងៃទី២៤សប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីត្រូវបានគេអនុញ្ញាតិឲ្យពន្យាពេលមួយរយៈ។ នេះបើតាមការចេញផ្សាយ Soompi ​នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ប៉ុន្តែទោះជាយ៉ាងណាក្ដី អតីតសមាជិកក្រុម BIGBANG រូបនេះ អាចដាក់ពាក្យស្នើសុំ ដើម្បីធ្វើការពន្យាពេលជាថ្មីម្ដងទៀត។ កាលពីខែមិនាកន្លងទៅ Seungri បានធ្វើការស្នើសុំពន្យាពេលនៃការបរិច្ឆេទចូលបម្រើយោធាសកម្មរបស់លោក ដោយក្នុងលិខិតស្នើសុំមានបញ្ជាក់ថា លោកនឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យប៉ូលិសបើកការស៊ើបអង្កេតរហូតដល់ទីបញ្ចប់។ រដ្ឋបាលកម្លាំងពលកម្មយោធាបានផ្ដល់ឲ្យ Seungri ពន្យាពេលរយៈពេល ៣ខែ ហើយថ្ងៃផុតកំណត់របស់លោកគឺនៅថ្ងៃទី២៤ ខែមិថុនា។

តារាប្រុសវ័យ ២៩ឆ្នាំ រូបនេះ អាចដាក់ពាក្យស្នើសុំពន្យាពេលចំនួន ០៤ដង រហូតដល់លោកមានអាយុ ៣០ឆ្នាំ ប៉ុន្តែប្រសិនបើ Seungri ចង់ដាក់ពាក្យស្នើសុំពន្យាពេល ដោយសារតែ «កាលៈទេសៈជៀសមិនរួច» ដូចដែលបានធ្វើពីមុន លោកនឹងអាចស្នើសុំបានតែ ០១ដង តែប៉ុណ្ណោះ។

ប្រសិនបើអតីតតារាចម្រៀងធ្លាប់ជ្រកនៅផលិតកម្ម YG រូបនេះ ដាក់ពាក្យស្នើសុំពន្យាពេល ០១ដង លោកនឹងតម្រូវឲ្យយកឯកសារពន្យាពេលទៅដល់រដ្ឋបាលកម្លាំងពលកម្មយោធា ក្នុងរយៈពេលកំណត់ ៥ថ្ងៃ មុនពេលថ្ងៃបម្រើកាតព្វកិច្ចយោធារបស់លោកឈានចូលមកដល់នៅថ្ងៃទី១៩ ខែមិថុនា៕