(ភ្នំពេញ)៖ ការប្រកូតកីឡាសិស្សថ្នាក់ជាតិ លើកទី១ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតអស់រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១១-១៨ ខែមិថុនា ដោយក្រុមអត្តពលិករាជធានីភ្នំពេញ ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ២៥រាជធានី-ខេត្ត។

ពិធីបិទការប្រកួតបានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយជាមួយគ្នា លោកក៏បានស្នើដល់ខេត្តធំៗ ត្រូវខិតខំប្រឹងបន្ថែម ដើម្បីត្រៀមការប្រកួត ២ឆ្នាំក្រោយឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ស័ក្តិសមជាខេត្តធំ និងមានប្រជាពលរដ្ឋច្រើនផងដែរ។

លោក ស សុខា បានបញ្ជាក់ថា កីឡាសិស្សថ្នាក់ជាតិ លើកទី១ បានបញ្ចប់ដោយជោគជ័យ ហើយលោកក៏បានអរគុណ ក្រុមគណៈកម្មការរៀបចំបំពេញតួនាទីយ៉ាងល្អ និងផ្ដល់ភាពយុត្តិធម៌ដល់កីឡាករ-កីឡាការិនី។ លើសពីនេះ លោកបានសរសើរខេត្តតូចៗមួយចំនួន ដែលដណ្ដើមបានមេដាយច្រើនហួសពីការស្មានទៀតផង។

លោកបន្ដថា «ខ្ញុំសូមធ្វើការកោតសរសើរខេត្តមួយចំនួន ពិតមែនតែមានប្រជាពលរដ្ឋតិចទេ តែទទួលបានចំណាត់ថ្នាក់ខ្ពស់ ហើយក៏អំពាវនាវ ចំពោះខេត្តធំៗ សូមមេត្តាខំប្រឹងសម្រាប់ ២ឆ្នាំទៅមុខ។ អ្វីដែលសំខាន់ ថ្ងៃក្រោយបើអាចទៅរួច យើងនឹងឈប់រើសក្រុមតាមសាលា មកប្រកួតតំណាងខេត្ត គឺយើងរើសតែកីឡាករល្អតាមសាលា មកប្រកួតតំណាងខេត្ត ដើម្បីបង្កើនគុណផលកីឡាកាន់តែល្អប្រសើរ»

គួរបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ ដែលបានបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡាសិស្សថ្នាក់ជាតិ គឺមានតែ ៣ខេត្តប៉ុណ្ណោះ ដែលពុំដណ្ដើមបានមេដាយ រួមមានខេត្តកោះកុង, ខេត្តកែប និងខេត្តព្រះវិហារ។ រីឯខេត្តដណ្ដើមបានមេដាយច្រើនជាងគេ មានរាជធានីភ្នំពេញ ឈ្នះមេដាយសរុប ៦០គ្រឿង មានមេដាយមាស ២៧ ប្រាក់១៩ និងសំរឹទ្ធ១៤ ខេត្តកណ្ដាល ឈរលេខ២ ឈ្នះមេដាយសរុប ២៦គ្រឿង មានមេដាយមាស១០ ប្រាក់២ និងសំរឹទ្ធ១៤ និងខេត្តកំពត ឈរលេខ៣ ឈ្នះមេដាយសរុប ៣៦គ្រឿង មានមេដាយមាស៩ ប្រាក់១៨ និងសំរឹទ្ធ៩៕