(ភ្នំពេញ)៖ រោងភាពយន្ដ Prime Cineplex ​បានដាក់បញ្ចាំងភាពយន្ដ​ភាគធំ បែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ប្រចាំប្រទេសកូរ៉េ ដែលមានកំពូល​តារាសម្ដែង​ លោក Rain គឺរឿង «កំពូលអ្នកប្រណាំងកង់​ អ៊ុម ប៊ុក​ដុង» នៅល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ ដោយមានអ្នកគាំទ្រតម្រង់ជួរ រង់ចាំងទទួលសំបុត្រ ចូលទស្សនារហូតដល់ជិត ៣០០​នាក់។

​តំណាងរោងភាពយន្ត «Prime Cineplex» បានបញ្ជាក់ថា ការដាក់បញ្ចាំងភាពយន្ត បែបប្រវត្តិសាស្ត្រលើកដំបូងនេះ គឺក្នុងគោលបំណង​​ចង់ឲ្យអ្នកគាំទ្រ បានទស្សនារឿង ប្រវត្តិសាស្ត្រលាយលំ ជាមួយការតស៊ូមួយនេះ មិនខកខាន ដែលបានបញ្ជាក់ពីសម័យនៅមុនសង្រ្គាមលោកលើកទី១ ប្រជាជាតិកូរ៉េ បានស្ថិតក្រោមការត្រួតត្រាទាំងស្រុងរបស់ជប៉ុន។ ក្បួនច្បាប់ថ្មីនៃការរស់នៅ ត្រូវបានបង្កើតឡើងពីសំណាក់ជនជាតិជប៉ុន ទុក្ខសម្រាប់ឲ្យប្រជាជនកូរ៉េគោរពនឹងប្រតិបត្តិតាម។ ពួកគេបានស្គាល់ពាក្យថា «បដិវត្តន៍» បន្ទាប់ពីបុរសម្នាក់បានឈ្នះជ័យលាភីជាតិ តាមរយៈការ​ប្រកួតជិះកង់​ ដែលម្នាក់នោះមានឈ្មោះថា «អ៊ុម ប៊ុកដុង»។

នៅមុនពេលទទួលបានឯករាជ្យ ប៊ុកដុង បានឈ្នះការប្រកួនដ៏ធំមួយ ក្នុងការជិះកង់រយៈប្រវែង ១០០០០m(ដប់ពាន់ម៉ែត្រ) សម្រេចតាមក្តីស្រមៃរបស់ខ្លួនក្នុងវ័យ ៤០ឆ្នាំ ក្នុងឆ្នាំ១៩៣២។ សង្រ្គាមស៊ីវិលមួយបានផ្ទុះឡើងរវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង អំឡុងឆ្នាំ១៩៥០ ធ្វើឲ្យគាត់នឹងគ្រួសារបែកបាក់គ្នា ប្រពន្ធនិងកូនស្លាប់ ចំណែកតាចាស់វ័យ ៦០ឆ្នាំ បានបង្ខំចិត្តភៀសខ្លួនឡើងលើភ្នំ ដើម្បីសុវត្ថិភាព ​រហូតដល់ចុងឆ្នាំ១៩៥១ មានដំណឹងមួយថា វីរបុរសប្រណាំងកង់ខាងលើបានស្លាប់ ជាមួយបន្ទុះគ្រាប់បែកបង្កៃចោល​លើ​ភ្នំបាត់ទៅហើយ។

​រឿងរ៉ាវនេះ បានចងក្រងឡើងយកមកផលិតជាភាពយន្តដោយ អ្នកដឹកនាំរឿងឈ្មោះ​ Kim Yusung ចូលរួមសម្តែងដោយតារាឯក​ Rain ជាមួយនឹងតារាល្បីៗជាច្រើនទៀត ប្រចាំប្រទេសកូរ៉េ ដែលកំពុងនឹងចាក់បញ្ចាំង​ចាប់ពីពេលនេះ នៅតាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ៕