(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង ស្រីស្អាតមានសម្រស់ស្រស់ផូរផង់ កញ្ញា ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​រ៉ូ​ស ​បានចេញមុខច្រានចោលទាំងស្រុង ទៅលើការចោទប្រកាន់របស់មហាជន ជាពិសេសអ្នកចូលចិត្តលេងបណ្ដាញសង្គម Facebook ដោយបានលើកឡើងថា នាងបានលង់ចិត្តលួចស្រឡាញ់ មន្រ្តីប៉ូលិសពាក់ស័ក្តិ២ម្នាក់ ខណៈដែលបានឃើញ​មន្រ្តីរូបនោះ មានរូបរាងសង្ហា ពេលចុះបង្ក្រាបទីតាំងហាងលក់ឡេ​កែសម្ផស្សមួយ នៅក្នុងទីក្រុងភ្នំពេញ​។

ជាការពិតណាស់ ថ្មីៗនេះ មានការល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រឿង ប៉ូលិស​ស័ក្តិ​២ ឆែក​ហាង​លក់​ឡេ មាន​រូប​សង្ហា​មិន​ចាញ់​តារាសម្ដែង​​ ដោយក្នុង​នោះ​​ តារា​សម្តែង​ស្រី​ កញ្ញា ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​ រ៉ូ​ស ក៏​បាន​ពោល​ពាក្យ​សរសើរ​ចំ​ៗ​ ហាក់​ពេញចិត្ត​ខ្លាំង​ចំពោះ​លោក​ប៉ូលិស​រូប​នេះ ធ្វើឲ្យមហាជនលើកឡើងថា នាងជានារីម្នាក់ ងាយនឹងបង្ហាញក្ដីស្រឡាញ់ ចំពោះប្រុសៗ ដោយមិនបានគិតថា ខ្លួនជាស្រី។

ទោះជា​យ៉ាងណា តារា​ស្រី​ ​ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​រ៉ូ​ស បានបញ្ជាក់​ថា ការ​ចែករំលែក និង​ពោល​ពាក្យ​សរសើរ​នេះ មិនមែន​មាន​តែ​នាង​ម្នាក់ទេ គឺមានស្រីៗជាច្រើននាក់ទៀត ចូលមកខំមិនក្នុងនោះដែរ ហើយ​នាង​ពិតជា​សរសើរ​ដោយ​ស្មោះ​ពី​សមត្ថភាព ភាព​ក្លាហាន និង​រូប​សម្រស់ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា នាង​លង់​ស្រឡាញ់​នោះ​ទេ​។ នាង​ទទួលស្គាល់​ថា បាន​តាមដាន​ព័ត៌មាន​នេះ​ហើយ ក៏​ចូល​ទៅ​បញ្ចេញយោបល់​ខ្លះ​ៗ​ទៅ តែបើ​រឿង​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ពិសេស​នោះ គឺ​គ្មាន​ទាល់តែសោះ​។

ស្រីស្អាត ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​រ៉ូ​ស និយាយថា «អត់ទេបង...! ខ្ញុំគ្រាន់តែចូលទៅខំមិនធម្មតាៗ មិនមែនមានន័យថា ខ្ញុំទៅលង់ស្រឡាញ់គាត់(ប៉ូលិស)អីនោះទេ.. ខ្ញុំសូមឲ្យអ្នករិះគន់ខ្ញុំ មេត្តាបញ្ឈប់ ការរិះគន់នេះទៅ។ បើគ្រាន់តែខ្ញុំសរសើរលើកទឹកចិត្តគាត់ (ប៉ូលិស) ហើយគិតថា ខ្ញុំស្រឡាញ់គាត់នោះ គឺខុសឆ្គងបាត់ទៅហើយ តាមការពិត គាត់មានសង្សារ ឬមនុស្សជាទីស្រឡាញ់របស់គាត់រួចហើយ ខ្ញុំគ្រាន់តែស្រឡាញ់ពីការតស៊ូ ភាពក្លាហាន និងសមត្ថភាពការងាររបស់គាត់តែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ»

នាងបន្តថា ប្រសិនបើ​លោក​មន្ត្រី​ប៉ូ​លិសរូប​សង្ហា​នេះ ​បានឃើញ​នាង សូម​ផ្តាំផ្ញើ​សារ​សាកសួរ​សុខទុក្ខ និង​ផ្តាំ​ឲ្យ​លោក​ប៉ូ​លិស​ជួយ​បង្ក្រាប​ករណី​ ខុសច្បាប់​ជា​ច្រើន​ទៀត ហើយ​ថែទាំ​សុខភាព​ហាត់ប្រាណ មាន​រូបរាង​ស្រស់​សង្ហារ​បន្ថែមទៀតផង។

សូមបញ្ជាក់ថា កាលពី​ពេល​​ថ្មី​ៗ​នេះ ហាង​លក់​ឡេ​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Ah Gi Leader» ដែល​មាន​លក់​គ្រឿងក្រអូប បោះ​ដុំ និង​រាយ​នាំ​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ​ ចុះ​ត្រួតពិនិត្យ និង​ដកហូត​ផលិតផល​ចំនួន​៨​មុខ ស្មើនឹង​ជិត​១​ពាន់​ប្រអប់​។ ការ​ចុះ​បង្ក្រាប​ហាង​លក់​ឡេ​ខាងលើ​នេះ ​គឺនៅ​ចំណុច​សំណង់​១២ ផ្ទះល្វែង​លេខ​៧ ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ផលិតផល​ទាំងនោះ​នាំ​ចូល និង​ចែកចាយ​នៅ​លើ​ទីផ្សារ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​មានការ​កែ​ច្នៃ​ម្សៅលាបមុខ និង​ខ្លួន​ពី​កំប៉ុង​ដើម​ដាក់​កំប៉ុង​ថ្មី គ្មាន​ស្លាក​សញ្ញា​ផលិតផល ហើយ​ចែកចាយ​នៅ​ទីផ្សារ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ស្បែក​របស់​អ្នក​ប្រើ​ប្រាស់ជាច្រើននាក់៕