(កូរ៉េខាងត្បូង)៖ ផលិតកម្ម YG Entertainment បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយធ្វើការបដិសេធថា Han Seo Hee គឺមិនមែនធ្លាប់ជាអ្នកហ្វឹកហាត់ នៅក្នុងក្រុមហ៊ុនរបស់ខ្លួនម្ដងណាឡើយ។

ការលើកឡើងខាងលើនេះធ្វើឡើង ក្រោយមានផ្ទុះរឿងជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងតារាចម្រៀង B.I ដែលបានចាកចេញពីក្រុមដោយសារតែរឿងគ្រឿងញៀន ហើយក៏មានរបាយការណ៍ថ្មីបានលើកឡើងថា បុគ្គល «A» ម្នាក់ បានដាក់របាយការណ៍ទៅគណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធស៊ីវិល ដោយអះអាងថា YG មានទំនាក់ទំនងជាមួយប៉ូលិស ហើយបានប្រើប្រាស់របាយការណ៍នោះ ដើម្បីលាក់រឿងពាក់ព័ន្ធជាមួយ B.I នៅក្នុងករណីគ្រឿងញៀនកាលឆ្នាំ២០១៦ ហើយបុគ្គលត្រូវបានបង្ហាញឲ្យដឹងថាជា Han Seo Hee។

ជាការពិតណាស់ កាលពីពេលកន្លង របាយការណ៍បានរៀបរាប់ថា B.I ត្រូវបានគេចោទប្រកាន់ថា បានព្យាយាមទិញកញ្ឆាពីបុគ្គល «A» នោះ កាលពីឆ្នាំ២០១៦ ដែលជាហេតុផលនាំឲ្យសមាជិក iKON រូបនេះ ចាកចេញពីក្រុម។

ការលើកឡើងខាងលើនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែនាពេលថ្មីៗនេះរបាយការណ៍បានបញ្ចេញថា បុគ្គល «A» នោះ គឺជាតារាស្រី Han Seo Hee។ ស្របពេល​ជាមួយគ្នានោះផងដែរ ផលិតកម្ម YG Entertainment ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា បុគ្គល «A» ដែលជាមនុស្សម្នាក់ត្រូវបានបញ្ចូនព័ត៌មានទៅកាន់ប៉ូលិសនោះ មិនមែនជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម YG Entertainment នោះទេ។ ពួកគេបានស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយកែតម្រូវ ប៉ុន្តែរបាយការណ៍ព័ត៌មានខុស នៅតែបន្តត្រូវបានរាយការណ៍ ហើយផលិតកម្ម YG Entertainment បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល «A» មិនមែនជាអ្នកហ្វឹកហាត់នៅក្នុង YG នោះទេ។ កម្លាំងភារកិច្ចមួយត្រូវបានបង្កើតឡើងដោយភ្នាក់ងារប៉ូលីសខេត្ត Gyeonggi ខាងត្បូង ដើម្បីស៊ើបអង្កេតករណីនេះ៕