(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯក Avatar និងក្រុមម្ចាស់ពានតូចឆ្នាំចាស់ Khmer United-A បានបន្ដជ័យជម្នះនាប៉ុន្មានប្រកួតចុងក្រោយជាប់ៗគ្នា ទោះបីក្រុមខ្លាំងទាំងពីរ សល់ត្រឹមឱកាសប្រជែងពានតូច ឬ Cup ក្នុងព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្ដាលអាជីព Keller Williams Cambodia League 2019 ក៏ដោយ។

ចំពោះក្រុម Avatar កាលពីចុងសប្ដាហ៍កន្លងទៅ បានលត់ក្រុមទន្សោងរបស់កីឡាករ ឈិន ឈឿន ដោយលទ្ធផល ៦-០ ស្របពេលក្រុម Khmer United-A បានយកឈ្នះក្រុម Khmer United-B ដោយលទ្ធផល ៥-២។ ជ័យជម្នះនេះ បានធ្វើឲ្យ Avatar បន្ដឈរលេខ២ និងមាន ៣៩ពិន្ទុ គ្រាដែល Khmer United-A ឈរលេខ៣ និងមាន ៣៥ពិន្ទុ ក្នុងសប្ដាហ៍ទី១៤។

យ៉ាងណាមិញ ក្រុមទាំងពីរបានត្រឹមឈរមើលក្រុម ISI United ក្នុងដំណើរឆ្ពោះទៅលើកពាននៃរដូវកាលឆ្នាំ២០១៩ បន្ទាប់ពីក្រុមចំណូលថ្មីមួយនេះ បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ ហើយបន្ដយកឈ្នះក្រុម Anvaya ៣-០ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាកៅអីកំពូលតារាង និងមាន ៤០ពិន្ទុ ទោះបីក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃទៀតក៏ដោយ។

ទោះបីអស់ឱកាសប្រជែងពានធំមែន តែក្រុមឈរលេខ២ ដល់លេខ៥ ក៏មានឱកាសប្រជែងពានតូច ឬ Cup ដែរ ដែលបច្ចុប្បន្នបេក្ខភាពប្រជែងពានតូច ក្រៅពី Avatar និង Khmer United-A រួមមានក្រុម Riel PP និងក្រុម Bayon Wanderers ដែលក្រុមទាំងពីរ ទើបរកបានជ័យជម្នះរៀងៗខ្លួនក្នុងនោះ Riel PP យកឈ្នះក្រុម Khmer United U22 បន្ដឈរលេខ៤ និងមាន ៣៤ពិន្ទុ ឯក្រុម Bayon យកឈ្នះក្រុម Home Sport ៣-០ ដើម្បីបន្ដឈរលេខ៥ និងមាន ២៨ពិន្ទុ។

គួរដឹងថា ពានរង្វាន់ KW Cambodia League 2019 គឺមាន ១៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតលក្ខណៈលីគ ១ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាជើងឯកពានធំ ឬ League គ្រាដែលក្រុមឈរលេខ២ ដល់លេខ៥ នឹងត្រូវចាប់គូប្រកួត ដើម្បីចម្រាញ់យកក្រុមជើងឯកពានតូច ឬ Cup មួយទៀត។ ពិធីចាប់គូប្រកួតពានតូច នឹងធ្វើឡើងក្រោយចប់ការប្រកួតសប្ដាហ៍ទី១៥ នាចុងសប្ដាហ៍នេះ៕