(ប៉េកាំង)៖ អ្នកបើកឡានក្រុងម្នាក់បានជួយសង្គ្រោះជីវិតប្រជាជនជាច្រើននាក់ ពីអាគារដែលកំពុងមានភ្លើងឆាបឆេះមួយកន្លែង ក្នុងទីក្រុង Zhumadian ភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន តាមរយៈបើកឡានទៅចតនៅគៀកនឹងអាគារដែលកំពុងឆេះ ដើម្បីឲ្យពួកគេហក់ចុះមកលើរថយន្ត។

តាមរយៈវីដេអូបានបង្ហាញថា ភ្លើងកំពុងឆេះអាគារយ៉ាងសន្ធោសន្ធៅ ដែលមានប្រជាជនជាច្រើនកំពុងធ្វើការនៅក្នុងនោះ។ មិនបង្អង់យូរឡើយ អ្នកបើកឡានក្នុងដែលឆ្លងកាត់នោះ ក៏បានប្រញាប់បើកឡានទៅគៀកនឹងអាគារនោះភ្លាម បន្ទាប់មកក៏បើកបញ្ចក់បង្អួចខាងលើ ហើយឲ្យមនុស្សជាប់ក្នុងអាគារហក់ចូលតែម្តង ដើម្បីគេចផុតពីការលេបត្របាក់ដោយភ្លើងឆាបឆេះ។

ក្រោយមកអ្នកពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពន្លត់ភ្លើង និងជម្លៀសអ្នកដែលនៅសេសសល់ចេញពីអាគារនោះ។ ក្នុងហេតុការណ៍អគ្គីភ័យនេះផងដែរ មិនមានសេចក្តីរាយការណ៍ណាមួយបង្ហាញថាមានមនុស្សស្លាប់នោះទេ៕