(បរទេស)៖ នៅតំបន់អាស៊ីអាគ្នេយ៍ បាននឹងកំពុងតែប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់ ជាមួយនឹងការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្រ្វិក ដែលត្រូវបានគេស្គាល់ថាជា «ជ្រូកអ៊ីបូឡា» ហើយសត្វជ្រូករាប់លានក្បាល ត្រូវបានគេសម្លាប់ចោល នៅក្នុងប្រទេសចិន ប្រទេសកម្ពុជា និង វៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩។

ជំងឺប៉េសជ្រូកអាហ្រ្វិក ដែលមិនមែនជាជំងឺឆ្លងដល់មនុស្សប៉ុន្តែអាចសម្លាប់សត្វជ្រូក ត្រូវបានរកឃើញនៅក្នុងប្រទេសចិនកាលពីខែសីហា ដែលនាំឲ្យជ្រូកជាង ១.២​ លានក្បាល ត្រូវបានងាប់។ ដោយសារតែគ្មានថ្នាំ សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺប៉េសជ្រូកអាហ្រ្វិក ដែលបណ្ដាលឲ្យសត្វជ្រូក ហូរឈាមនៅក្នុងខ្លួន រហូតដល់ងាប់ ដូច្នេះជម្រើសតែមួយគត់ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ គឺសម្លាប់សត្វជ្រូកណា ដែលគេសង្ស័យថា មានផ្ទុកជំងឺប៉េសជ្រូកអាហ្រ្វិក។

នៅក្នុងប្រទេសវៀតណាម ករណីជំងឺប៉េសជ្រូកអាហ្រ្វិកដំបូង ត្រូវបានរកឃើញកាលពីខែមករានៅឆ្នាំនេះ នៅក្នុងភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់នៅមិនឆ្ងាយពីព្រំដែនជាមួយប្រទេសចិន ប៉ុន្មានទេ។ កាលពីសប្ដាហ៍មុន ក្រសួងកសិកម្ម Nguyen Xuan Cuong បានបញ្ជាក់ថា មេរោគជំងឺប៉េសជ្រូកអាហ្រ្វិកនេះ បានរីករាលដាលដល់ខេត្តចំនួន ៤៨ នៅក្នុងចំណោមខេត្តទាំង ៦៣ នៅទូទាំងប្រទេស។

នៅក្នុងប្រទេសកម្ពុជា ជ្រូកប្រមាណ ២៤០០ក្បាល ត្រូវបានគេសម្លាប់ចោល ដោយសារតែជំងឺប៉េសជ្រូកអាហ្រ្វិក កាលពីរយៈពេល ២​ខែមុន ខណៈដែលហុងកុងកើតមាន ២ករណីផ្សេងគ្នា ដែលបណ្ដាលឲ្យមិនមានសាច់ជ្រូកឆៅលក់នៅតាមទីផ្សាររយៈពេល ២សប្ដាហ៍៕