(ភ្នំពេញ)៖ ទិវាកីឡា Sport Festival លើកទី២ ដែលរៀបចំដោយហាងលក់សម្ភារៈកីឡាដ៏ធំនៅកម្ពុជា Decathlon ទទួលបានការគាំទ្រពីមហាជនជាខ្លាំង សម្រាប់ការរៀបចំនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីចុងសប្ដាហ៍ទៅ ដោយមានកីឡាជាង ១០ប្រភេទ បានចូលរួមប្រកួត និងសម្ដែងជូនមហាជនចូលរួមទស្សនាដោយសេរីក្នុងព្រឹត្តិការណ៍នេះ។

លោក ចេប៊ី អ្នកគ្រប់គ្រង Decathlon បានឲ្យដឹងថា ទិវាកីឡានេះ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ពិសេសបំផុសប្រជាពលរដ្ឋចូលរួមលេងកីឡា និងយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ ហើយលោកមានមោទនកភាពជាខ្លាំង ដែលមានប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ និងគាំទ្រការរៀបចំនេះ។

លោកបន្ដថា «ខ្ញុំរីករាយណាស់ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងជោគជ័យ ដោយមានប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួម។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងមានភាពរីករាយក្នុងការចូលរួមព្រឹត្តិការណ៏កីឡា Decathlon Sports Festival លើកទី២ ហើយក៏សង្ឃឹមថា នឹងមានការគាំទ្រផលិតផលរបស់ Decathlon សម្រាប់អ្នកនិយមចូលចិត្តលេងកីឡាផងដែរ»

សូមបញ្ជាក់ថា កីឡាត្រូវបានសហការ និងចូលរួមកម្មវិធី Decathlon Sports Festival លើកទី២ ហើយទទួលបានការគាំទ្រខ្លាំងពីមហាជនគ្រប់វ័យ រួមមានកីឡាបាល់ទាត់, បាល់បោះ, ប្រដាល់, តេក្វាន់ដូ, ហែលទឹក, ជិះកង់, វាយសី, ការ៉ាតេដូ, ការបោះតង់, យូហ្គា, វាយកូនបាល់, វាយកូនឃ្លីលើតុ និងកីឡារាំជាដើម៕