(ភ្នំពេញ)៖ ទីបំផុតកីឡាករ ស៊ិន កក្កដា បានសម្រេចទៅធ្វើតេស្ដសមត្ថភាពជាមួយក្លឹប Chainat Hornbill FC តាមសំណើរបស់ក្លឹបសមាជិកលីគកំពូលថៃនេះហើយ បន្ទាប់ពីខកខានអំឡុងពេលជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះ FIFA World Cup 2022 កាលពីពេលថ្មីៗ។

គួរដឹងថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបាល់ទាត់វិសាខារូបនេះ បានបដិសេធមិនទៅធ្វើតេស្ដជាមួយក្លឹប Chainat FC ម្ដងរួចមកហើយកាលពីថ្ងៃទី០៤ ខែមិថុនាកន្លងទៅ តែក្រោយចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា ក្លឹបក្របខណ្ឌលីគកំពូលថៃនេះ នៅតែចិញ្ចឹមចិត្តឲ្យ កក្កដា ទៅធ្វើតេស្ដ រហូតកីឡាករជម្រើសជាតិកម្ពុជារូបនេះ យល់ព្រម និងបានចាកចេញពីប្រទេសកម្ពុជាកាលពីម្សិលមិញ។

បើតាមការបញ្ជាក់របស់សាមីខ្លួន ដំណើរឆ្ពោះទៅធ្វើតេស្ដជាមួយក្លឹបក្រៅស្រុកលើកដំបូងនេះ ស៊ិន កក្កដា នឹងចំណាយពេល ១សប្ដាហ៍ ដើម្បីបង្ហាញសមត្ថភាពឲ្យគ្រូបង្វឹកក្រុម Chainat FC មើល ហើយបើជាប់ រូបគេនឹងមានឱកាសប្រកួតប្រជែងក្នុងលីគកំពូលថៃនាជើងទី២ ក្នុងរដូវកាលឆ្នាំ២០១៩ នាពេលឆាប់ៗខាងមុខ៕