(ក្រុងរ៉ូម)៖ អតីតកីឡាករឆ្នើម Francessco Totti បានសម្រេចចិត្តចាកចេញពីក្លឹប AS Roma ជាផ្លូវការហើយនារាត្រី ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីរួមជាមួយក្លឹបយក្សអ៊ីតាលីមួយនេះមានរយៈពេល ៣០ឆ្នាំមកនេះគិតចាប់ តាំងពីឆ្នាំ១៩៨៩មក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសវ័យ ៤២ឆ្នាំ Totti ត្រូវបានតែងតាំងជានាយកគ្រប់គ្រងកីឡាប្រចាំ ក្លឹប Roma គិតចាប់តាំងពីប្រកាស​ចូលនិវត្តន៍ពីកីឡាករអាជីពកាលខែកក្កដា ឆ្នាំ២០១៧ តែពុំសូវមានឥទ្ធិពលក្នុងមុខ តំណែងនេះប៉ុន្មាន បូករួមជាមិនសូវចុះសម្រុងជាមួយប្រធានក្លឹប Roma លោក James Pallotta ដែលជាជនជាតិអា មេរិកនោះ ក៏សម្រេចចិត្តចាកចេញតែម្តង។

បន្ថែមលើនេះ អតីត Top scorers ប្រចាំក្លឹបនេះក៏បានធ្វើការរិះគន់ទៅលើប្រធានក្រុមបច្ចុប្បន្ន ក៏ដូចជាអតីតនាយក គ្រប់គ្រងកីឡា និងទីប្រឹក្សាលោក Franco Baldini នៅក្នុងសន្និសីទនាយប់មិញនេះដែលត្រូវបានធ្វើឡើងនៅទីក្រុង Rome នៃប្រទេសអ៊ីតាលី មុននឹងចាកចេញ។

យ៉ាងណាក៏ដោយ Totti បានបង្ហើបថា រូបគេអាចនឹងវិលមកកាន់ក្លឹប Roma នេះវិញ ដរាបណាមានអ្នកគ្រប់គ្រងថ្មី ព្រោះថា Roma ជាក្លឹបសំណព្វរបស់គេដែលរូបគេធ្លាប់រួមជាមួយតាំងពីកុមារ និងត្រូវបានជ្រើសរើសមកលេងក្នុងក្រុម ធំកាលឆ្នាំ១៩៩៣ ក្នុងវ័យ ១៦ឆ្នាំ ដោយរកគ្រាប់ស៊ុតបញ្ចូលទីសរុបបាន ៣០៧គ្រាប់ ពីការចូលលេងបាន ៧៨៥ប្រកួត ដោយឈ្នះពាន Serie A ក្នុងឆ្នាំ២០០១ មួយដង និងពាន Coppa Italia បាន ២ដងដែរ ក្រៅពីធ្លាប់ជួយ ក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក FIFA World Cup បានម្តងកាលឆ្នាំ២០០៦ ពីការចូលលេងបាន ៥៨ប្រកួត៕