(សៅប៉ូឡូ)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Alexis Sanchez រកបានគ្រាប់បំប៉ោងបាន ១គ្រាប់ផងដែរឲ្យក្រុមជម្រើសជាតិឈីលីក្នុងជ័យជម្នះ ៤-០ ទៅលើក្រុមសាម៉ូរៃជប៉ុននៃវគ្គសន្សំពិន្ទុក្នុងពូល C នៃព្រឹត្តិការណ៍ពានរង្វាន់ជើង ឯក Copa America 2019 ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ។

ការប្រកួតដែលបានធ្វើនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីល ១គ្រាប់របស់កីឡាករមកពី ក្លឹបអង់គ្លេស Manchester United, Sanchez បានកើតឡើងនៅនាទី៨១ ដែលជាគ្រាប់ទី៣ ក្នុងការប្រកួតដំបូង ប្រចាំពូល C ក្រោយពេលមិត្តរួមក្រុម Erick Pulgar បានស៊ុតគ្រាប់បើកឆាកនៅនាទី៤១ និង Eduardo Vargas រកបាន២គ្រាប់ម្នាក់ឯងនៅនាទី៥៤ និងនាទី៨៣ ដើម្បីរក្សា ៣ពិន្ទុ និងជាការសងសឹកជប៉ុនបានសម្រេចវិញផងដែរ ក្នុងលទ្ធផលដូចគ្នាកាលពីពួកគេបានចាញ់នៅទឹកជប៉ុនកាលពី ១០ឆ្នាំមុនក្នុងមិត្តភាពអន្តរជាតិ។

៣ពិន្ទុពី ១ប្រកួតដំបូងរបស់ឈីលីនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះអាសន្នផងដែរ ដោយស្មើគ្រាប់ស៊ុតជាមួយអ៊ុយរ៉ាហ្គាយដែលកំពុងឈរនៅលេខ២ បន្ទាប់ពីបំបាក់អេក្វាទ័រ ៤-០ កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩៕