(ភ្នំពេញ)៖ ជាការពិត តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាសម្តែងប្រុសសាច់ដុំធំៗ លោក សន ពិសិដ្ឋ បានបង្ហាញប្រាប់ដល់ទស្សនិកជនជាច្រើន នូវអាថ៌កំបាំងផ្ទាល់ខ្លួន ដោយមិនបិទបាំងអ្វីបន្តទៀតនោះទេ។ ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី លោក សន ពិសិដ្ឋ បានដាច់ចិត្តទម្លាយនូវអាំថ៌កំបាំងថា លោកធ្លាប់មានប្រពន្ធរួចហើយ ថែមទាំងមានកូនស្រីម្នាក់ទៀតផង ខណៈនេះជាដំណឹងថ្មីមួយ សម្រាប់អ្នកគាំទ្រ ព្រោះកន្លងទៅលោកមិនធា្លប់បានទម្លាយពីរឿងនេះឡើយ។

ទាក់ទងនឹងរឿងនេះ តាមរយៈបទសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News លោក សន ពិសិដ្ឋ បានឲ្យដឹងថា តាមពិតទៅរឿងរ៉ាវផ្ទាល់ខ្លួន លោកមិនលាក់បាំងទេ ហើយក៏មិនចូលចិត្តនិយាយមិនពិតនោះដែរ ពាក់ព័ន្ធនឹងជីវិតស្នេហាលោកធ្លាប់បានឆ្លងកាត់ច្រើនមកហើយ។ និយាយដល់ចំណុចនេះ សន ពិសិនដ្ឋ ដាច់ចិត្តទម្លាយថា លោកផ្ទាល់ក៏ធ្លាប់រៀបការ មានប្រពន្ធព្រមទាំងមានកូនស្រីម្នាក់ទៀតផង បើគិតមកទល់នឹងពេលនេះ កូនស្រីគឺមានវ័យ៩ឆ្នាំហើយ។ រឿងរ៉ាវទាំងនេះ លោកមានបំណងប្រាប់ទស្សនិកជនជាយូរមកហើយ ប៉ុន្តែមិនទាន់មានឪកាស ព្រោះគិតថាខ្លួនមិនទាន់ល្បី មិនចង់បង្ហាញរឿងផ្ទាល់ខ្លួន តែមកទល់នឹងពេលនេះ ក៏មានមហាជនចង់ដឹងឮ និងមានអ្នកគាំទ្រទើបទម្លាយតែម្តង ណាមួយនេះ ជាវេលាដ៏សមស្របក្នុងការបង្ហាញប្រាប់មហាជន ក៏ដូចជាម្ចាស់បេះដូងថ្មីរបស់លោក។

បន្ថែមពីនេះ លោក សន ពិសិដ្ឋ ថាបច្ចុប្បន្នលោកជាបុរសពោះម៉ាយ តែក៏មិនមែនបានន័យថានៅលីវដែរ ព្រោះមានម្ចាស់បេះដូងថ្មីរួចហើយ នាងជាអតីតតារាបង្ហាញម៉ូត ដោយបានស្គាល់យល់ចិត្តគ្នាទៅវិញទៅមកជិត ៤ឆ្នាំហើយ។ ម្ចាស់បេះដូងថ្មី ដែលជាអនាគតភរិយា គឺលោកបានស្គាល់តាំងពីចូលសិល្បៈបាន១ឆ្នាំមកម្ល៉េះ ប៉ុន្តែចំពោះការកំណត់ថ្ងៃរៀបការនោះមិនទាន់គិតទេ ដោយសារមានរឿងរ៉ាវច្រើនទៀតត្រូវធ្វើបន្តបន្ទាប់។

យ៉ាងណាមិញ ក្រៅពីរឿងរ៉ាវផ្ទាល់ខ្លួន ងាកមកគម្រោងការងារថ្ងៃអនាគត និងមុខរបរបច្ចុប្បន្នវិញ លោក សន ពិសិដ្ឋ បានបង្ហាញថា មិនរង់ចាំតែចំណូលពីសិល្បៈតែមួយមុខទេ ព្រោះថាបើពេលចាស់ទៅ សម្រស់មិនបាន ក៏មិនប្រាកដថាមានផលិតករទាក់ទងហៅថត ឬត្រូវទីផ្សារឡើយ។ តែយ៉ាងណា ក៏មិនបោះបង់ចោលសិល្បៈនោះដែរ គឺបានន័យថាមានតែបន្ថែមរបរផ្សេង។ និយាយដល់ចំណុចនេះ លោកថា នឹងមានគម្រោងបើភោជនីយដ្ឋានមួយកន្លែង និងក្លឹបហាត់ប្រាណផងដែរ ដើម្បីរកចំណូលបន្ថែមពីនេះ។

គួរជម្រាបថា សន ពិសិដ្ឋ​ គឺជាតារាសម្តែងមួយរូប ដែលតែងតែបង្ហាញវត្តមានក្នុងខ្សែភាពយន្តភាគជាច្រើនរឿង តាមរយៈកញ្ចក់ទូរទស្សន៍នានា។ តួអង្គភាគច្រើនដែលលោកសម្តែង គឺផ្តោតទៅប្រភេទតួកាច មុខមាំ ព្រោះនេះត្រូវនឹងសមត្ថភាពដែលលោកមាន។ ទស្សនិកជន ដើម្បីជ្រាប់ថា លោក សន ពិសិដ្ឋ និយាយអ្វីបន្ថែមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» សូមទស្សនាវីដេអូខាងក្រោម៖