(កូរ៉េខាងត្បូង)៖ កាលពីកន្លងទៅថ្មីៗនេះ តារាស្រីវ័យក្មេង Tyuzu ដែលជាសមាជិកក្រុម Twice បានធ្វើដំណើរកម្សាន្តលំហែកាយ ជាមួយក្រុមគ្រួសាររបស់នាង នៅឯប្រទេសកម្ពុជា ដោយក្នុងនោះតារាស្រីរូបនេះក៏បានចំណាយពេលដើរកម្សាន្តបានច្រើនកន្លែងផងដែរ។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនៅប្រទេសកម្ពុជា ចាប់អារម្មណ៍ទៀតនោះ ក្រោយពេលដែល Tyuzu បញ្ចប់វិស្សកាលរបស់ខ្លួន ត្រឡប់ទៅកាន់ប្រទេសខ្លួនវិញហើយនោះ នាងក៏បានបង្ហាញអារម្មណ៍រីករាយ និងរំភើប ដោយបង្ហាញអារម្មណ៍ទៅកាន់អ្នកគាំទ្រនៅលើពិភពលោកថា នាងពិតជាមានការពេញចិត្តចំពោះដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាខ្លាំងណាស់។ ជាពិសេស គឺតំបន់ទេសចរណ៍នៅខេត្តសៀមរាម ដែលមានប្រាសាទជាច្រើន ដែលជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។

Tyuzu បានបង្ហោះនៅលើបណ្ដាញអ៊ីនស្តារក្រាមជាភាសាកូរ៉េ ដែលមានន័យជាភាសាខ្មែរថា «ខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមគ្រួសាររបស់ខ្ញុំ អំឡុងពេលវិស្សមកាល។ ខ្ញុំបានទៅទស្សនាប្រាសាទចាស់ៗ ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏អស្ចារ្យ និងទីកន្លែងស្រស់ស្អាតជាច្រើន។ នៅក្នុងនោះដែរ ខ្ញុំក៏បានផ្ដិតយករូបភាពជាច្រើនសន្លឹក ទុកបង្ហាញទៅកាន់អ្នកទាំងអស់គ្នា ហើយនៅទីនោះពិតជាក្តៅណាស់ ពួកយើងដើរច្រើន ដែលធ្វើឲ្យយើងបែកញើស ប៉ុន្តែខ្ញុំចូលចិត្តបែបនេះណាស់។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នៅក្នុងដំណើរកម្សាន្តមួយនេះ។ ប្រសិនបើអ្នកទាំងអស់គ្នាមានឱកាសកុំភ្លេចមកកម្សាន្តនៅទីនេះ»

កាលពីពេលថ្មីៗនេះ តារាស្រី Tyuzu បានធ្វើដំណើរកម្សាន្តលំហែកាយលក្ខណៈឯកជន ជាមួយក្រុមគ្រួសាររបស់នាងនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះដែរ នាងក៏បានទៅលេងតំបន់ប្រាសាទជាច្រើន នៃខេត្តសៀមរាមផងដែរ៕