(ភ្នំពេញ)៖ លីគកំពូលកម្ពុជា បានត្រឡប់មកវិញហើយ ដោយល្ងាចនេះមាន ៣គូលើទីលាន ៣ផ្សេងគ្នា ពិសេសជំនួបគូឯកប្រចាំសប្ដាហ៍ ដោយក្រុមក្រសួងការពារជាតិ (ទ័ព) ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់។ ចាំមើលតើទ័ព អាចបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានទេ?

នេះគឺជាការប្រកួតជើងទី១ សប្ដាហ៍ទី១១ ខណៈលទ្ធផលបណ្ដោះអាសន្ន ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ២៦ពិន្ទុ ជាមួយលទ្ធផល ១០ប្រកួត ឈ្នះ៨ និងស្មើ២ មិនទាន់ស្គាល់ចាញ់ម្ដងឡើយ។ ផ្ទុយពីក្រុមក្រសួងការពារជាតិ ទើបរកបាន ១៧ពិន្ទុ ឈរលេខរៀងទី៦ ជាមួយលទ្ធផល ១០ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់៣។

ប៉ុន្ដែបើក្រឡេកទៅមើលប្រវត្តិជួបគ្នា ៥លើកចុងក្រោយ ឃើញថា ក្រសួងការពារជាតិមានប្រៀបជាង ដ្បិតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ នេះធ្លាប់ឈ្នះ ៣លើក ខណៈព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះត្រឹមតែ២លើកប៉ុណ្ណោះ។ ដូច្នេះល្ងាចនេះ គឺជាការប្រកួតដ៏ជក់ចិត្តរវាងក្រុមទាំងពីរ ដែលអន្ទងចិត្តអ្នកគាំទ្រឲ្យរង់ចាំទស្សនា។

ដោយឡែកកម្មវិធីប្រកួតល្ងាចនេះ ២គូទៀត រួមមានក្រុមអគ្គិសនីកម្ពុជា បើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើល ត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី នាម៉ោង ៣៖៣០នាទីរសៀលដំណាលគ្នា៕