(ចិន)៖ «A Pu» ដែលជារូបភាពគំនូរជីវចល នៃសត្វខ្លាឃ្មុំឈ្មោលតូចមួយក្បាល ដែលចូលចិត្តការលេងវាយប៉េងបង់ បានក្លាយទៅជា តំណាងសកលលោកនៃសត្វខ្លាឃ្មុំយក្សរបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩។

ក្រុមអ្នករៀបចំការប្រកួត បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះថា រូបភាពរបស់ A Pu ដែលត្រូវរចនាឡើងក្រុមអ្នកគូររូបមួយក្រុម បានឈ្នះការប្រកួតប្រជែងរចនារូបភាពចិន ដែលត្រូវបានជ្រើសរើសក្នុងចំណោមអ្នកចូលរួមចំនួន ២០២៣នាក់ មកពី ២២ ប្រទេស។ ពួកគេបាននិយាយថារូបភាពរបស់ «A Pu» នឹងត្រូវបានតម្លើងឋានៈ ជារូបសញ្ញាផ្លូវការរបស់ខ្លាឃ្មុំយក្សរបស់ចិន តាមរយៈក្រុមហ៊ុនកម្សាន្ត និង កីឡា ហើយនឹងក្លាយជាស្ពានភ្ជាប់រវាងប្រទេសចិន ជាមួយពិភពលោកទាំងមូល។

កាលពីថ្ងៃពុធសប្ដាហ៍នេះ មជ្ឈមណ្ឌលទំនាក់ទំនងអន្ដរទ្វីបចិន ដែលជាអ្នករៀបចំការប្រកួតប្រជែង បានចេញសេចក្ដីប្រកាសថា ពួកគេនឹងផលិតខ្សែភាពយន្តគំនូរជីវចល ដោយផ្អែកទៅលើរូបភាពរបស់សត្វផេនដា «A Pu»។ Ling Ling មន្ត្រីម្នាក់ មកពីនាយកដ្ឋានសាធារណៈនៃគណៈកម្មាធិការកណ្តាល បាននិយាយថា ខ្លាឃ្មុំផេនដាគឺជាឯកអគ្គរដ្ឋទូតវប្បធម៌ដ៏សំខាន់របស់ប្រទេសចិន។

សូមជម្រាបថា ដោយមានការរៀបចំរួមគ្នា រវាងមជ្ឈមណ្ឌលទំនាក់ទំនង ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សចិនសម្រាប់សត្វខ្លាឃ្មុំយក្ស គេបានបង្កើតកម្មវិធីប្រកួតប្រជែង ដែលបានចាប់ផ្តើមដាក់ពាក្យប្រកួតតាំងពីខែកុម្ភៈមកម្ល៉េះ ហើយក៏បានទាក់ទាញអ្នករចនាជាច្រើនមកពីជុំវិញពិភពលោក។ រូបភាពរបស់លោក A Pu ដែលត្រូវបានបង្កើតឡើងដោយក្រុម មានមូលដ្ឋាននៅទីក្រុងប៉េកាំង ជាមួយអ្នករចនាម៉ូដនាំមុខគឺលោក Wang Tianshi គឺជាអ្នកទទួលបានជ័យលាភី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតប្រជែងខាងលើនេះ៕