(បរទេស)៖ ក្បាលចចកមួយ ដែលមានអាយុកាល ៤០,០០០ឆ្នាំ ត្រូវបានគេរកឃើញក្នុងតំបន់ទឹកកកមានលក្ខណៈស្រស់ និងមើលទៅប្រៀបបានសត្វមានជីវិតអ៊ីចឹង។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ជាក់ស្តែង ជាមួយនឹងរោមស្ងួត ហើយអណ្តាតរបស់វាមានសំណើមផងនោះ បានធ្វើឲ្យក្បាលចចកមួយនេះ មើលទៅប្រៀបបាននឹងសត្វមានជីវិតអ៊ីចឹង។ ប៉ុន្តែតាមពិតទៅ វាគឺជាសាកសពសត្វចចកសុទ្ធសាធដែលអ្នកជំនាញជឿថា បានស្លាប់តាំងពី ៤០,០០០ឆ្នាំមុនមកម្ល៉េះ។ វាត្រូវបានរកឃើញនៅភូមិ Abyisky ភាគខាងជើងរដ្ឋ YaKutia ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៨ ដោយមនុស្សរស់នៅតំបន់នោះ។

ទន្ទឹមគ្នានេះ ក្បាលចចក រួមមានខួរក្បាល រោម និងអណ្តាត ត្រូវបានថែរក្សាយ៉ាងល្អផងដែរ។ អ្នកវិទ្យាសាស្ត្រជនជាតិរុស្ស៊ី បាននឹងកំពុងសិក្សាស្រាវជ្រាវ​ជាមួយនឹងការធ្វើតេស្តដោយបច្ចេកវិទ្យាចុងក្រោយ ដោយសហការណ៍ជាមួយនឹងអ្នកវិទ្យាសាស្ត្រមកពី ជប៉ុន និងស៊ុយអែត៕