(ភ្នំពេញ)៖ ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី បានប្រកាសផ្លាស់ប្ដូរកីឡដ្ឋានត្រូវប្រកួតក្នុងដីចំនួន ២ប្រកួតទៀតហើយ បន្ទាប់ពីគម្រោងសាងសង់កីឡដ្ឋានរបស់ខ្លួន ត្រូវអូសបន្លាយមិនរួចរាល់តាមការកំណត់ ដែលបង្ខំឲ្យក្លឹបស្នើគណៈកម្មការប្រកួតបាល់ទាត់ជាតិ-CNCC លើកការប្រកួតក្នុងដី ទៅប្រកួតក្រៅដីវិញ។

យោងតាមសេចក្ដីជូនដំណឹងរបស់បឹងកេតបានឲ្យដឹងថា «ការប្រកួតសប្តាហ៍ទី១១ និងទី១៣ ដែលបឹងកេតត្រូវធ្វើជាម្ចាស់ផ្ទះ នឹងត្រូវផ្លាស់ប្តូរទីលានប្រកួត ទៅធ្វើនៅកីឡដ្ឋានរបស់គូប្រកួតជាមុនសិន។ ការផ្លាស់ប្តូរនេះ គឺដោយសារការសាងសង់កីឡដ្ឋាន បឹងកេត មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ មិនអាចរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាន»

ការស្នើរបស់ក្លឹបទៅកាន់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏បានយល់ព្រម និងអនុញ្ញាតឱ្យផ្លាស់ប្តូរការប្រកួតសប្តាហ៍ទី១១ ទៅកីឡដ្ឋានអគ្គិសនីកម្ពុជា និងសប្តាហ៍ទី១៣ ទៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ។ ចំពោះកាលបរិច្ឆេទ និងពេលវេលា គឺរក្សានៅដដែលក្នុងសប្ដាហ៍ទី១១ ដោយប្រកួតម៉ោង ៣៖៣០នាទី ថ្ងៃទី១៦ ខែមិថុនា និងសប្ដាហ៍ទី១៣ ប្រកួតម៉ោង ៣៖៣០នាទី ថ្ងៃទី៣០ ខែមិថុនាខាងមុខ៕