(ភ្នំពេញ)៖ បន្ទាប់ក្រុមជម្រើសជាតិកម្ពុជា បង្កើតកណត់ត្រាថ្មីក្រោយធ្វើបានសម្រេចក្នុងការទទួលជ័យជម្នះឡើងទៅជុំទី ២ ដោយបានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ទាំងពីរជើងក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្នុងតំបន់អាស៊ី កម្ពុជា បានបំបែកកំណត់ត្រាថ្មី និងបង្កើតប្រវិត្តសាស្រ្ត ៣បន្ថែមទៀត ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ នេះបើតាមការចេញផ្សាយដោយ Fox sports kh នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

១៖ កម្ពុជា បន្តកាន់កំណត់ត្រាទទួលបានជ័យជម្នះលើសពីការរំពឹងទុកក្នុងលទ្ធផល ៤-១ នៅពេលប៉ះប៉ាគីស្ថាន ក្នុង វគ្គជម្រុះជុំទី១ នៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងឆ្នាំ២០១៩ ដែលលទ្ធផលនេះដូចគ្នានៅពេលយកឈ្នះក្រុមជម្រើសជាតិម៉ាកាវនៃវគ្គជម្រុះជុំទី១ នៃ FIFA World Cup 2018 កាលឆ្នាំ២០១៥។

២៖ កម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយបន្ថែមទៀត ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកដែលមាន ៤ឆ្នាំម្តងនេះ ដោយបានទទួលជ័យជម្នះក្រៅទឹកដី ជាលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ តាមរយៈយកឈ្នះប៉ាគីស្ថាន ២-១ ក្នុងជើងទី២ ដែលធ្វើឡើងនៅប្រទេសកាតានៃវគ្គជម្រុះ World Cup 2022 គិតចាប់ធ្លាប់យកឈ្នះក្រុមម៉ាកាវ ២-១ ក្រៅដីក្នុងពានរង្វាន់ AFC Challenge Cup ឆ្នាំ២០០៩។

៣៖ កម្ពុជា ជាក្រុមស្ថិតក្នុងតំបន់អាស៊ាន ដែលមានកីឡាករ សៀង ចន្ធា វ័យ ១៦ឆ្នាំ ៨ខែ និង ២៨ថ្ងៃប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតពានកម្រិតពិភពលោក និងជាក្រុមដែលមានអ្នកគាំទ្រផ្ទាល់ក្នុងកីឡដ្ឋានច្រើនជាងគេសម្រាប់ការប្រកួតក្នុងដី គិតត្រឹមឆ្នាំ២០១៩ នៃការប្រកួតវគ្គជម្រុះជុំទី១ មានអ្នកគាំទ្រប្រមាណ ៣៣៧០៦នាក់៕