(សៀងហៃ)៖ ការប្រកួតប្រដាល់ ONE Championship នឹងស្វែងរកជើងខ្លាំងថ្មីបន្ថែមដោយកីឡាការិនីថៃ Stamp Fairtex ត្រូវឡើងការពារខ្សែក្រវាត់ដែលត្រូវប៉ះជាមួយកីឡាការិនីអូស្ត្រាលី Alma Juniku ដណ្តើមខ្សែក្រវាត់កម្រិត Atomweight Muay Thai World Championship ក្នុងកម្មវិធីដែលមានឈ្មោះថា ONE៖ Legendary Quest។

ការប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន និងមានការប្រកួតដណ្តើមខ្សែក្រវាត់ថ្មីកម្រិត Welterweight រវាងកីឡាករជើងខ្លាំងជប៉ុន Akiyama និងកីឡាករម៉ាឡេស៊ី AGilan Thani គ្រាដែលមានការចូលរួមប្រកួតពីសំណាក់អ្នកប្រយុទ្ធមកពីប្រទេសជាច្រើនរួមមានម្ចាស់ផ្ទះចិន ថៃ អូស្ត្រាលី ម៉ាឡេស៊ី ជប៉ុន កូរ៉េ ប្រេស៊ីល ម៉ាយ៉ានម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី ស្កុតឡេន និងអង់គ្លេស។

គួរបញ្ជាក់ផងថា ការប្រកួតដ៏ក្រក្រើករវាងកីឡាការិនីថៃ Stamp Fairtex ដែលជាម្ចាស់ខ្សែក្រវាត់ ២ស្ថាប័នធ្លាប់មានប្រវត្តិឈ្នះ ៦២ដង ចាញ់ ១៥ដង ស្មើ ៥ដង គ្រាដែលកីឡាការិនីអូស្ត្រាលី Alma Juniku វ័យ១៨ឆ្នាំក៏ជាម្ចាស់ខ្សែក្រវាត់ WBC និង IPCC Muay Thai Champion ដែលធ្លាប់ឈ្នះ ២៤ដង ចាញ់ ៤ដង មិនដែលស្មើឡើយ៕