(ភ្នំពេញ)៖ អ្នកនាង សារីណា ភរិយាអតីតារាសម្ដែងលោក ស៑ុក សុភា ត្រូវបានអ្នកលេងហ្វេសប៑ុកមួយចំនួនធ្វើការរិះគន់គួរសម បន្ទាប់ពីអ្នកនាង​បញ្ចេញយោបល់លើនារីសុិចសុីម្នាក់។ អ្នកនាងថានោះ គឺជាការភាន់ច្រឡំ ហើយអ្នកនាងក៏ចេញមុខពន្យល់ ពីជំហរដែលខ្លួនបានបង្ហោះនោះ។

ដើមចមនៃការរិះគន់ ចំពោះអតីតារាសម្ដែង ក្នុងបទ «មនុស្សដំបូង» រូបនេះ គឺបន្ទាប់ពីអ្នកនាងបង្ហោះអមដោយរូបថតសុិចសុីរបស់នារីម្នាក់ថា «យើងមិនអាចវិនិច្ឆ័យគេពីខាងក្រៅបានទេ អ្នកខ្លះស្លៀកពាក់ជិតៗ មើលទៅឃើញសុភាព តែធាតុពិតពិសពុល អ្នកខ្លះគេស្លៀកពាក់ sexy តែទឹកចិត្តអាចទូលំទូលាយ បើកចិត្តទទួលយកបាននៃភាពជឿនលឿន ភាពជឿនលឿន នេះហើយធ្វើអោយគេឆ្លាតវៃ ក្លាហាន អាចដោះស្រាយរឿងចំពោះមុខដោយភាពប៉ិនប្រសព្វ។ យើងល្មមជឿនលឿនខ្លះៗហើយ ដើម្បីភាពរីកចំរើនសម្រាប់សង្គមយើងខ្លះ តែសូមជឿនលឿនតែអ្វីដែលមានប្រយោជន៍»

ក្រោយការបង្ហោះរបស់អ្នកនាង គេឃើញមានការលើកឡើងមួយចំនួនថា អ្នកនាងគាំទ្រភាពចំពោះភាពសុិចសុី ដោយខ្លះរិះគន់ថា អ្នកនាងចង់លើកទឹកចិត្តអោយមានសកម្មភាពប្រាស់ចាកពីវប្បធម៌របស់ខ្មែរ។ ភ្លាមៗក្រោយការរិះគន់ពីបុគ្គលមួយចំនួនតូច អ្នកនាងបញ្ជាក់ថា អ្វីដែលអ្នកនាងបញ្ចេញយោបល់ មិនមែនគាំទ្រអ្នកលេចលើលេចក្រោមទាំងឡាយនោះទេ ប៉ុន្តែអ្នកនាងគ្រាន់តែចង់ឲ្យមានការបញ្ឈប់ការជេរប្រមាថចំពោះនារីម្នាក់នោះ និងស្នើឲ្យធ្វើការប្រៀបធៀប ចំពោះដូនចាស់ម្នាក់ ដែលស្លៀកសារ៉ុង ស្លៀកពាក់ស្រគត់ស្រគំ តែបែរជាចិត្តអាក្រក់ចិត្តមារចំពោះក្មេងតូចជាចៅរបស់ខ្លួន យ៉ាងឃោឃៅ រហូតដល់ក្រុមអ្នកលេងហ្វេសប៑ុកថ្កោលទោសនោះទេ។

អ្នកនាងថា បរិបទសម័យនេះ អ្នកលេងហ្វេសប៑ុកគួរតែបើកចិត្តឲ្យទូលាយ កុំគិតតែជេរប្រទិចផ្ដាសា និងមើលតែមួយជ្រុងងប់ងល់ខ្លាំងពេក។ នារីដែលសុិចសុី​ហើយរងការជេរប្រទិច អ្នកនាងថា ដ្បិតតែមើលទៅហួសហេតុ ប៉ុន្តែនាងស្រស់ស្អាត ហើយមិនគួរដល់ថ្នាក់រងការជេរប្រទិច ធ្វើដូចនារីម្នាក់នោះមានទោសធ្ងន់ធ្ងរនោះទេ។ អ្នកនាងបញ្ជាក់ថា អ្នកធ្វើការរិះគន់ មិនគួរគ្រាន់តែឃើញបុគ្គលម្នាក់បញ្ចេញភាពសុិចសុី ហើយគិតតែជេរផ្កាប់មុខ ដល់ថ្នាក់ធ្វើឲ្យសង្គមកម្ពុជា ពោរពេញការមាក់ងាយគ្នាបែបហ្នឹងបានឡើយ។

អ្នកនាងថា សារីណា បន្ថែមទៀតថា ខ្លួនក៏ជានារីខ្មែរ ប្រកាន់ភ្ជាប់ទំនៀមទម្លាប់ខ្មែរនោះដែរ ប៉ុន្តែបើនារីណាស្អាត ហើយសុិចសុីទៅសម គឺអ្នកនាងគាំទ្រ ដើម្បីឲ្យក្រសែភ្នែកខាងក្រៅ មើលឃើញពីភាពស្រស់ស្អាតរបស់នារីនោះផង កុំគ្រាន់តែនាងថតរូបបញ្ចេញដើមទ្រូងប៉ុណ្ណឹងសោះ ព្រួតគ្នាថ្កោលទោសនាង ដូចកំហុសធ្ងន់ធ្ងរ។ អ្នកនាងថា ខ្លួនមិនទទួលយកដាច់ខាតចំពោះទង្វើសុិចសុីហួសហេតុ ហើយធ្វើឲ្យបាត់តម្លៃជាតិ ប៉ុន្តែអ្នកនាងមិនគាំទ្រក៏មានវប្បធម៌ប្រទិចផ្ដាសាចំពោះគ្នា និងមិនគាំទ្រចំពោះការប្រមាថដែលបានកើតឡើង គ្រាន់តែនារីម្នាក់ថតបញ្ចេញដើមទ្រូងសុិចសុីប៉ុណ្ណឹងនោះឡើយ។

អ្នកនាងលើកឧទាហរណ៍ថា ដោយសារតែខ្លាចការរិះគន់ ទើបបវរកញ្ញាកម្ពុជាមិនតិចនាក់ទេ មិនហ៑ានធ្វើខ្លួនឲ្យលេចធ្លោ ហើយធ្វើឲ្យការប្រកួតលើឆាកអន្តរជាតិ គឺមានតែបេក្ខនារីបរទេសជាអ្នកដណ្ដើមបានចំណាត់ថ្នាក់។

ការលើករបស់អ្នកនាង គឺជាការពន្យល់ដល់អ្នក Comment រិះគន់សំណេរប្រៀបធៀបរបស់អ្នកនាងមួយចំនួន ដើម្បីបញ្ចប់ការយល់ច្រឡំ ដែលមានការយល់ច្រឡំ និងដើម្បីឲ្យបើកចិត្តឲ្យទូលាយជាងនឹង ដើម្បីកុំឲ្យការសម្គាល់តែលើសំបកខាងក្រៅ ក្លាយជារឿងអគតិចំពោះបុគ្គលណាម្នាក់។ អ្នកនាងថា អ្នករិះគន់ផ្កាប់មុខមួយចំនួនគួរបង្វែររិះគន់ និងបំពាក់ទឹកចិត្តទង្វើររបស់មនុស្សអគតិ និងមនុស្សចិត្តឃោឃៅទាំងឡាយ ដើម្បីកែប្រែបុគ្គលទាំងនោះឲ្យមានឆន្ទៈល្អ ជាជាងនាំគ្នាមាក់ងាយ និងមើលងាយសំបកខាងក្រៅរបស់បុគ្គលណាម្នាក់ ហើយក្លាយជាការបញ្ចេញមតិឈ្លោះទាស់គ្នាឯង៕