(ស៊ីរី)៖ ស្រ្ដីនៅប្រទេសស៊ីរី បានស្វែងរកនូវអ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ នៅក្នុងមុខងារ ដែលស្រ្ដីទូទៅមិនសូវចាប់អារម្មណ៍ នៅក្នុងគោលបំណង ដើម្បីកសាងប្រទេសកំណើតរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ New China TV នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩។

នៅក្នុងខេត្ត Homs ស្រ្ដី បានចាប់ផ្ដើមពាក់ឯកសណ្ឋានភ្នាក់ងារអគ្គិសនី ពាក់មួកការពារសុវត្ថិភាព និង ជួសជុលអគ្គិសនីដែលរងការខូចខាត នៅតាមបង្គោលភ្លើង។ នាង Nairuz Youssef គឺជាវិស្វករអគ្គិសនីស្រីម្នាក់ ដែលបានធ្វើការត្រួតពិនិត្យលើម៉ាស៊ីនភ្លើង និងឧបករណ៍បម្លែងថាមពល ជាប្រចាំ ហើយនាងបានធ្វើការមួយនេះរយៈពេល៤ឆ្នាំមកហើយ។ នាងបាននិយាយថា «អំឡុងពេលសង្រ្គាម យុវជនភាគច្រើន បានចូលរួមនៅក្នុងកងទ័ព និង កងកម្លាំងទាហានបម្រុង។ មានអ្នកមួយចំនួន បានស្លាប់នៅក្នុងការប្រយុទ្ធ ដូច្នេះមានកង្វះខាតក្នុងក្រុមអ្នកហ្វឹកហ្វឺនផ្នែកបុរស។ ដូច្នេះ ពួកយើងជាស្រ្ដី អាចធ្វើការ នៅក្នុងការងាររបស់បុរសបាន»

Mais Saloum ជាអ្នកធ្វើការវិស្វករម្នាក់ដែរនោះ បាននិយាយថា នាងមិនដែលគិតពី ការធ្វើការងារ ដែលជាទូទៅ ត្រូវបានកំណត់ឲ្យតែបុរសធ្វើនោះទេ។ ស្វាមីរបស់នាង ទោះបីជាមានការស្ទាក់ស្ទើរក្នុងការទទួលយកការងារថ្មីរបស់នាង នៅពេលដំបូងក្ដី ប៉ុន្តែឥឡូវនេះ នាងពិតជាត្រូវបានស្វាមី គាំទ្រខ្លាំងណាស់។

ស្ត្រីក្នុងការងារវិស័យអគ្គីសនី ពួកគេក៏ប្រឈមនឹងការភ័យខ្លាចចំពោះកម្ពស់ (ការឡើងបង្គោលជួលជុលភ្លើង) និងកង្វះកម្លាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីស៊ីរី កាន់តែមានការប្តេជ្ញាចិត្ត ក្នុងការរួមចំណែកដោយខ្លួនឯង ដើម្បីកសាងប្រទេសស៊ីរីឡើងវិញ៕