(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Eden Hazard បានបង្ហាញវត្តមានជាផ្លូវការក្នុងក្លឹបអេស្ប៉ាញ Real Madrid នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីចាកចេញពីក្លឹបតោខៀវ Chelsea របស់អង់គ្លេស ក្នុងតម្លៃ ខ្លួន ១៩០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែមិថុនានេះ។

ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្ស៊ិក Hazard បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹបអធិរាជស Real Madrid ដោយទទួលបាន ៥០ម៉ឺនដុល្លារក្នុង ១សប្តាហ៍នៅកីឡដ្ឋាន Santiago Bernabeu ដែលត្រូវបានគេរំពឹងថា នឹងពាក់លេខ៧ ផងដែរ ដែលជាលេខចាស់របស់កីឡាករព័រទុយហ្គាល់ Cristiano Ronaldo ដែលបានចាកចេញពីក្លឹប ទៅចូលរួមជាមួយក្លឹប Juventus របស់អ៊ីតាលីកាលពីរដូវកាលមុន។

មានអ្នកគាំទ្រប្រមាណ ៥០០០០ម៉ឺនចេញមកទទួលស្វាគមន៍ ក៏ដូចជាចូលរួមក្នុងថ្ងៃបង្ហាញខ្លួនរបស់ Eden Hazard និង Luka Jovic ខណៈប្លែកគ្នាពីការទទួលស្វាគមន៍ Ronaldo ដែលមានរហូតដល់ទៅ ៧០០០០នាក់កាលពីឆ្នាំ២០០៩ ពេលចាកចេញពីក្លឹបអង់គ្លេសដូចគ្នា Manchester United៕