(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែសីហាតទៅ ខណៈក្រុមលេខ២ ឆ្នាំចាស់ Liverpool នឹងជួបប្រកួតទល់នឹង Norwich City នៅថ្ងៃបើកឆាកមុនគេ ក្នុងចំណោម ២០ក្រុម។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បានប្រកាសពីកាលបច្ឆេទនៃការប្រកួត Premier League 2019-2020 នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយត្រូវបានដកស្រង់ដោយ BBC នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីរាត្រី ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ និងបញ្ចប់ទៅវិញនារាត្រីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយមាន ២០ក្រុមចូលរួមដដែល ស្មើនឹង ៣៨០ប្រកួត ទាំងពីរជើង ប្តូរទឹកដីគ្នា (Home/Away)។

ក្រុមលេខ២ ឆ្នាំចាស់ ហង្សក្រហម Liverpool នឹងត្រូវបានមុនគេ ដោយប៉ះក្រុមទើបឡើងមកថ្មី Norwich City នារាត្រី ថ្ងៃទី០៩ សីហា ខណៈ២ក្រុមផ្សេងទៀតរួមមាន Aston Villa និង Sheffield United ត្រូវប៉ះក្រុម Tottenham Hotspur និង AFC Bournemouth នៅថ្ងៃបន្តបន្ទាប់ទៀត ខណៈក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City ត្រូវធ្វើដំណើរសួរសុខទុក្ខក្រុមញញួរធំ West Ham United។

ជំនួបរវាងក្រុមខ្លាំង បិសាចក្រហម Manchester United ទល់នឹង តោខៀវ Chelsea បានក្លាយជាគូឯកប្រចាំសប្តាហ៍ ទី១ ថ្ងៃបើកឆាកដែលនឹងធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ក្រោយពេលដែល Man City ប៉ះ Liverpool ដណ្តើមជើងឯកពានបើករដូវកាល FA Community Shield ដែលនឹងធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី០៤ ខែសីហា នៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕