(ភ្នំពេញ)៖ អតីតតារាកំប្លែង​ស្រីអយ (ហៅក្អយ) ដែលទស្សនិកជន​ភាគច្រើនស្ទើរតែភ្លេចមុខទៅហើយនោះ ដោយសារការបាត់វត្តមាន​ជាច្រើនឆ្នាំពីសិល្បៈ ព្រោះតែមានព័ត៌មានអាស្រូវបោកប្រាស់លុយកាក់ក្នុងរបររកស៊ីរបស់នាង ខណៈថ្មីៗនេះស្រាប់តែលេចមុខ អតីតតារាកំប្លែង ដែលធ្លាប់មានប្រជាប្រិយភាពរូបនេះចូលរោងការរៀបការប្ដីថ្មី ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ​ពេលនាងលេចមុខជ្រងោៗបែបនេះ។

ជាការពិត កាលពីដើមសប្ដាហ៍កន្លងទៅនេះ អតីតតារាកំប្លែង ស្រីអយ បានធ្វើពិធីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីថ្មីរបស់ខ្លួ​​នយ៉ាងអធិកអធម​។ មានការបង្ហើបឡើងថា អតីតតារាកំប្លែងស្រីអយ និងស្វាមី ដែលទើបនឹងរៀបការ ​គឺបានរស់នៅជាមួយគ្នាជាយូរឆ្នាំមកហើយ ខណៈពួកគេទាំងពីរមានកូនស្រីជំទង់ម្នាក់ ដែលជាចំណងដៃ​ ទើបអ្នកនាង និងស្វាមី សម្រេចចិត្តរៀបការបំពេញមុខមេបា។

ដោយឡែក គេចាប់អារម្មណ៍ឃើញថា ក្នុងពិធីរៀបការរបស់ ស្រីអយ គឺបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួម​យ៉ាងច្រើនកុះករពីសំណាក់តារាចម្រៀង តារាសម្ដែង ប្រុសស្រីល្បីៗ ពោលគឺមានដូចជា តារាពហុជំនាញ អ្នកនាង ខាត់ សុខឃីម, អ្នកនាង ចន ច័ន្ទលក្ខិណា, តារាកំប្លែងនាយ ចាបចៀន, អ្នកនាង លី ចាន់សីហា, ប៉ុបពី រួមទាំងសិល្បករ-សិល្បការនីជាច្រើនរូបទៀត​។

គួររំឭកផងដែរថា អ្នកនាង អយ ជាអតីតតារាកំប្លែង ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងគួរសមពីសំណាក់ទស្សនិកជន តែដោយសារ​មានរឿងអាស្រូវជាប់ខ្លួន ទើបធ្វើឲ្យតារាស្រីរូបនេះ គឺបាត់មុខរាប់ឆ្នាំ​ពីវិស័យសិល្បៈ។ ទើបតែថ្មីៗនេះ នាងលេចមុខរៀបការប្ដីថ្មី​តែម្ដង។ ទោះជាយ៉ាងណា ក៏ប្រិយមិត្តទស្សនិកជនធ្វើការជូនពរឲ្យនាង និងស្វាមី មានសុភមង្គលក្នុងគ្រួសារផងដែរ៕