(ភ្នំពេញ)៖ ព្រឹត្តិការណ៍មហោស្រពភាពយន្តខ្នាតខ្លី «អាស៊ានលើកទី៣» សម្រាប់ឆ្នាំ២០១៩នេះ នឹងត្រូវប្រារព្ធឡើង នៅក្នុងទឹកដីអង្គរ នៃខេត្តសៀមរាប ដែលជាខេត្តពោរពេញទៅដោសម្បត្តិវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តខ្នាតខ្លី «អាស៊ានលើកទី៣» ក្រោមប្រធានបទ​ «យុវវ័យ-កុមារ រួមគ្នាដើម្បីក្ដីស្រឡាញ់» នឹងបើកឱកាសដល់យុវវ័យ និងអ្នកមានស្នាដៃទេពកោសល្យ និពន្ធ និងផលិតរឿងខ្នាតខ្លី ឲ្យមានការប្រកួតប្រជែងដោយសេរី។

អតីតប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា បានជូនដំណឹងដល់សាធារណៈជនទូទៅ ក្នុងបណ្ដាញសង្គមរបស់លោកថា «សូមគោរពជូនដំណឹងដល់សាធារណជន ដែលស្នេហាវិស័យភាពយន្ត ឲ្យបានជ្រាបថា​ មហោស្រពភាពយន្តខ្នាតខ្លីអាស៊ានលើកទី៣ ឆ្នាំ២០១៩ នឹងប្រារព្ធ​ធ្វើឡើង ក្នុងក្រុងសៀមរាប លើទឹកដីអង្គរដ៏បវរនៃយើង ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី 0១ ខែធ្នូ ឆ្នាំ​២០១៩។ ការដាក់ពាក្យផុតកំណត់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩»។​

កម្មវិធីមហោស្រពភាពយន្តខ្នាតខ្លី «អាស៊ានលើកទី៣» សម្រាប់ឆ្នាំ២០១៩នេះ ក៏នឹងបើកឱកាស ដល់​មហាជន យុវវ័យ និងកុមារ ដែលមានបំណងប្រកួតប្រជែងស្នាដៃរបស់ខ្លួន ដាក់ពាក្យចូលរួម ចាប់ពីថ្ងៃនេះតទៅ ខណៈនៅថ្ងៃទី៣១ ខែសីហា នឹងត្រូវផុតកំណត់នៃការទទួលពាក្យ៕