(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានធ្វើជាទូតសុឆន្ទៈរបស់ម៉ាកល្បីក្នុងប្រទេសកម្ពុជាមួយភ្លាម បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិឡើងជុំទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ៤-១ ទាំងពីរជើងកាលពីពេលថ្មីៗនេះ។

បើតាមការប្រកាសលើបណ្ដាញសង្គមរបស់ក្រុមហ៊ុន Suzuki បានបញ្ជាក់ថា «យើងមានកិត្តិយស សូមប្រកាសថា លោក Keisuke Honda នឹងក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ម៉ាក SUZUKI នៅក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ»។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានសហការជាមួយក្លឹបសូលទីឡូអង្គរ ដែលជាកម្មសិទ្ធិរបស់លោក Honda ទៀតផង។ ដូច្នេះក្រុមហ៊ុនមានសិទ្ធិប្រើប្រាស់រូបថតលោក Honda ក្នុងការផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា វត្តមានរបស់លោក Keisuke Honda ដឹកនាំក្រុមជម្រើសជាតិកម្ពុជា កំពុងធ្វើឲ្យអន្ដរជាតិមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសបន្ទាប់ពី​លោកដឹកនាំក្រុមគោព្រៃកម្ពុជា ទម្លាក់ក្រុមប៉ាគីស្ថាន ៤-១ ឡើងជុំទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតាតែម្ដង៕