(បរទេស)៖ ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញបំណែកនៃទូក ដែលបានលិចកាលពីចុងខែឧសភា ដោយបានស្រង់ចេញពីទន្លេដានូបេ ក្នុងទីក្រុងប៊ុយដាប៉េស (Budapest) ប្រទេសហុងគ្រី។ ទូកដឹកភ្ញៀវទេសចរណ៍ខាងលើនេះ មានឈ្មោះថា Hableany បានលិច រយៈពេលពីរសប្ដាហ៍មុន បន្ទាប់ពីបានបុកជាមួយនាវាដឹកភ្ញៀវទេសចរណ៍ដ៏ធំមួយរបស់ស្វិស មានឈ្មោះថា Viking Sigyn ខណៈដែលនាវាកម្សាន្តទាំងពីរ បានឆ្លងកាត់ក្រោមស្ពានមួយ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩។

កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ ក្រុមជួយសង្រ្គោះហុងគ្រី បានរៀបចំប្រតិបត្តិការស្រង់យកទូក ចេញពីទន្លេដានូបេ។

វាគឺជាគ្រោះមហន្ដរាយដ៏អាក្រក់បំផុត ក្នុងរយៈពេលកន្លះសតវត្សរ៍លើទន្លេដែលវែងជាងគេនេះ នៅទ្វីបអឺរ៉ុប ដែលបានក្លាយទៅជាផ្លូវពេញនិយមសម្រាប់អ្នកធ្វើដំណើរកម្សាន្តលំហែកាយនៅតាមនាវា៕