(ភ្នំពេញ)៖ នាពេលថ្មីៗនេះលោក បែ មករា ដែលជាអគ្គលេខាធិការក្លឹបបឹងកេតបានប្រាប់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ថាសុពលភាពកិច្ចសន្យាសម្រាប់កីឡាករ ចាន់ វឌ្ឍនាកា ក្នុងការវិលត្រលប់សាជាថ្មីជាមួយក្លឹបមានរហូតដល់ទៅ ៣ឆ្នាំ ឯណោះ ព្រោះសាមីខ្លួនចង់តបស្នងដល់ទ្រនំចាស់ និងមានបំណងចង់រៀនបន្តផង នេះបើតាមចេញផ្សាយដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នាថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០១៩នេះ។

ថ្នាក់ដឹកនាំក្រុមជើងឯក ៣សម័យបានបង្ហើបថា ម្ចាស់អាវលេខ១១ ខាងលើក៏បានបដិសេធសំណើពីក្លឹបម៉ាឡេស៊ី មួយទៀតគឺក្លឹប Terengganu FA និងក្លឹបមួយចំនួនទៀតនៅលីគកពូលថៃ ក៏ព្រោះតែចង់លេងនៅស្រុកកំណើតយូរតទៅមុខទៀត។

លោក បែ មករា ពន្យល់ ៖ «ចិត្តគាត់ចង់លេងនៅក្នុងស្រុក អ៊ីចឹងយើងនឹងជួយជ្រោមជ្រែងគាត់ឲ្យជោគជ័យក្នុងអាជីពរបស់គាត់។ បើគាត់ចង់ត្រលប់ទៅក្រៅប្រទេស គឺជារឿងរបស់គាត់ តែដូចថា អ៊ីចឹង គាត់បានបដិសេធសំណើរបស់ Terengganu និងក្រុមមួយចំនួនទៀតពីប្រទេស ព្រោះគាត់ចង់លេងក្នុងស្រុកវិញ។ គាត់ថាគាត់ចង់តបស្នងក្លិប និងចង់រៀនបន្តផង»

គួរដឹងដែរថា កីឡាករ ចាន់ វឌ្ឍនាកា បានចាកចេញពីក្លឹប PKNS នៃក្របខណ្ឌកំពូលម៉ាឡេស៊ី កាលខែឧសភា ឆ្នាំ២០១៩ ក្រោយរួមរស់បានត្រឹមជុំទី១ នេះក៏ជាការវិលត្រលប់ទៅកាន់ក្លឹបបឹងកេត វិញជាលើកទី៣ បន្ទាប់ពីកីឡាករដែលមានប្រភពចេញពីខេត្តកំពតចាក និងជាអតីតចេញពីក្លឹបជប៉ុន Fujieda MYFC កាលឆ្នាំ២០១៧ និង Pahang FA របស់ម៉ាឡេស៊ី នៅឆ្នាំ២០១៨៕